ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ សារមនី្ទរជាតិកម្ពុជា នៃនាយកដ្ឋានសារមនី្ទរ អគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចំនួន៥៦,០៧០នាក់។
បើតាមលោកស្រី សែម សុភ័ណ្ឌលក្ខិណា ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសារមនី្ទរ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២២នេះថា ចាប់តាំងពីបើកដំណើរការឲ្យភ្ញៀវចូលទស្សនាឡើងវិញ ក្រោយជួបវិបតិ្តកូវីដ-១៩នាពេលកន្លងមកនេះ គឺសារមនី្ទរទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា មានចំនួន៥៦,០៧០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ មានចំនួន២៦,១៩២នាក់, ភ្ញៀវអន្តរជាតិ អាយុក្រោម១៨ឆ្នាំ មានចំនួន៩៤៤នាក់ និងភ្ញៀវអន្តរជាតិ អាយុ១៨ឆ្នាំឡើង មានចំនួន២៨,៩៣៤នាក់។ ទន្ទឹមនឹងនោះដោយសម្លឹងឃើញថា ចំនួនភ្ញៀវជាតិ និងអន្តរជាតិ មានសន្ទុះឡើងវិញ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកសារមនី្ទរ ក៏ចាប់ផ្តើមបើកបន្ថែមម៉ោងចូលទស្សនា នៅថ្ងៃទី១៤ ខែវិចិ្ឆកា ដោយមានរយៈពេលជាងមួយសប្តាហ៍ហើយ (ទស្សនាម៉ោងថ្ងៃត្រង់)។ ជាមួយគ្នានោះដែរ ដើម្បីជាការទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវបន្ថែមនោះ សារមនី្ទរជាតិ បានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ សួនច្បារ សាលពិព័រណ៌ អគារ សម្រាប់តាំងវត្ថុបុរាណ តាមសម័យកាល ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនាតាមសម័យកាលមួយ ទៅសម័យកាលមួយ។ ក្រៅពីនោះយើងក៏មានរៀបចំទទួលសិស្ស និសិ្សត ឲ្យចូលទស្សនា និងមានជាសំនួរ-ចម្លើយ ថាតើពួកគាត់ទទួលបានអ្វីខ្លះពីការចូលទស្សនា និងសិក្សាស្វែងយល់ពីវត្ថុបុរាណ និងប្រវតិ្តសាស្រ្ត។
លោកស្រី ក៏បានរំលឹកឡើងវិញថា ក្នុងអន្តរកាលកូវីដ-១៩ នាពេលកន្លងមកនេះ បើទោះបីជាសារមនី្ទរត្រូវបានផ្អាក និងបិទទ្វារ ការទទួលភ្ញៀវឲ្យចូលទស្សនា។ ប៉ុន្តែថ្នាក់ដឹកនាំ បុគ្គលិក បានធ្វើការប្តូរវេនគ្នា ក្នុងការជួសជុល អភិរក្ស ថែរក្សា និងបោសសម្អាតគ្រប់វត្ថុបុរាណទាំងអស់។ ជាពិសេសក្នុងខែវិចិ្ឆកា ឆ្នាំ២០២២នេះ សារមនី្ទរជាតិកម្ពុជា មានកិតិ្តយសដ៏ខ្ពង់ខ្ពស់បំផុត ដោយទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលចាប់ផ្តើមកាលពីថ្ងៃទី១០-១៣ ខែវិចិ្ឆកា និងកិច្ចប្រជុំAIPA លើកទី៤៣ បានចាប់ផ្តើមពីថ្ងៃទី២០-២៥ ខែវិចិ្ឆកា ឆ្នាំ២០២២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខាងលើនេះ បានអញ្ជើញមកទស្សនាស្វែងយល់ពីវត្ថុបុរាណក្នុងសារមនី្ទរជាតិកម្ពុជាជាបន្តបន្ទាប់ផងដែរ។ មកដល់បច្ចុប្បន្ននេះ សមុច្ច័យបានបន្តកើនជាបន្តបន្ទាប់ មានចំនួន១៨៩១០វត្ថុ។ ជាពិសេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សារមន្ទីរជាតិ បានទទួលវត្ថុសិល្បៈចំនួន២៧០៦វត្ថុ ពីសប្បុរជនក្នុងស្រុក ក្រៅស្រុក និងពីការទាមទារត្រឡប់ មកពីបរទេសវិញ។
សូមបញ្ជាក់ផងដែរថា សារមនី្ទរជាតិកម្ពុជា ត្រូវបានកសាងឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវតិ្ថ។ នៅក្នុងសារមនី្ទរជាតិ មានតំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ ជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោក ធ្វើការសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី១៣ផងដែរ៕ អត្ថបទ ៖ រដ្ឋា













