
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានចែករំលែកនូវបទពិសោធន៍សង្ខេបចំនួន ៣ចំណុច នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ( 9th ADMM-Plus) អំពីដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ ADMM-Plus នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នាខេត្តសៀមរាប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាក្នុងនាមជាជនរងគ្រោះ នៃសង្គ្រាមស៊ីវិលបីទសវត្សរ៍ មានបទពិសោធមួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុងការធ្វើឲ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម ។
សម្ដេចតេជោបន្តថា ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ ឈ្នះ នៅទសវត្សរ៍ឆ្នាំ១៩៩០ សូមសង្ខេបចំនួន៣ចំណុច ពាក់ព័ន្ធដំណើរការសន្តិភាពនៅកម្ពុជា មានទី១. ត្រូវតែរក្សាទ្វាឲ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និងការចរចាប្រកបដោយបរិយាបន្ន, ទី២. ត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខុមាលភាពរបស់គ្រប់ភាគីទាំងអស់ និងទី៣. ត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ ចំពោះការចរចាសន្តិភាព។
ប្រធានអាស៊ានឆ្នាំ២០២២ បានរំលឹកថា កាលពី១០ឆ្នាំមុន សម្ដេចក៏ធ្លាប់បានស្នើឲ្យមាន តំបន់ដែលគ្មានសង្គ្រាមស៊ីវិល ឬតំបន់ដែលគ្មានជម្លោះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅពេលនោះ គ្មានរដ្ឋសមាជិកអាស៊ានណាមួយ បានគិតអំពីការកើតសង្គ្រាមឡើងវិញ នៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ដោយនៅផ្នែកខ្លះ នៃប្រទេសមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងទៅហើយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ








