ឥណ្ឌូនេស៊ី៖ ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងធ្វើការរហូតដល់យប់ទី២ ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតដែលបានជាប់ក្រោមកម្ទេចថ្ម ក្រោយគ្រោះរញ្ជួយដីក្នុងខេត្តជ្វាខាងលិច។
ក្រុមមន្ត្រីបានកំណត់ចំនួនអ្នកស្លាប់សរុបឡើងដល់ ២៦៨នាក់ភាគច្រើននៃជនរងគ្រោះជាកុមារ និង ១៥១នាក់នៅតែបន្តបាត់ខ្លួន ព្រមទាំងជាង ១.០០០នាក់បានរងរបួស។ ផ្លូវដែលរងការខូចខាត និងការប៉ះពាល់ដ៏ធំធេងកំពុងបង្កការលំបាកក្នុងការចូលទៅជួយសង្គ្រោះជនរងគ្រោះ។ ទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយជាតិបាននិយាយថា លំនៅឋានចំនួន ២២.០០០ខ្នងត្រូវបានបំផ្លាញ និងមនុស្សជាង ៥៨.០០០នាក់ត្រូវបានបញ្ជូនទៅកាន់ជម្រកបណ្ដោះអាសន្នក្នុងទីតាំងមួយចំនួននៅតំបន់នោះ។

គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័របានអង្រួនតំបន់ភ្នំកាលពីថ្ងៃចន្ទ បណ្ដាលឲ្យមានបំណាក់ដីគ្របសង្កតភូមិឋាននានាទាំងមូលជិតទីប្រជុំជន Cianjur របស់ខេត្តជ្វាខាងលិច។ អ្នកតំណាងទីភ្នាក់ងារជាតិស្វែងរក និងជួយសង្គ្រោះក៏បានបញ្ជាក់ផងដែរថា ភាគច្រើននៃអ្នកស្លាប់គឺជាក្មេងៗ ព្រោះនៅម៉ោង ១រសៀលក្មេងៗទាំងនោះនៅសាលារៀននៅឡើយ៕
អត្ថបទ៖ សុខមាន