
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា ដើម្បីឲ្យក្នុងតំបន់អាស៊ាន មានសន្តិសុខប្រកបដោយភាពសុខ ដុម ប្រទេសជាសមាជិកទាំងអស់ ត្រូវពង្រឹងនូវកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និងប្រជាជនជាស្នូល ។
ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ( 9th ADMM-Plus) សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មូលបទកិច្ចប្រជុំឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើសន្តិសុខប្រកបដោយភាពសុខដុម ដែលនេះជាគំនិតថ្មីមួយ សម្រាប់តំបន់នេះ ដោយយើងត្រូវទទួលស្គាល់ និងរំលេចអំពីសារសំខាន នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និងស្ថិរភាព ។
សម្ដេចតេជោ បានបន្តថា ជាការកត់សម្គាល់ ភាពផ្សារភ្ជាប់ ការអាស្រ័យគ្នាទៅវិញទៅមក និងសន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
ប្រធានអាស៊ានឆ្នាំ២០២២ បានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នា ដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការបង្ការជម្លោះនាពេលអនាគត និងការកសាង “សន្តិសុខប្រកបដោយភាពសុខដុម” ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក ដោយយើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម នៃសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីរបស់យើង៕ អត្ថបទ៖ បាន សុខរិទ្ធិ


