ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញពីការអនុវត្តវិធានបិទខ្ទប់ឱ្យបានតឹងរឹង ដោយសម្ដេចសង្កត់ធ្ងន់ថា «នៅផ្ទះណា គឺនៅផ្ទះនោះ ហើយហាមចេញ និងហាមចូលរាជធានីភ្នំពេញ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញពីការអនុវត្តវិធានការតឹងរឹងបែបនេះ នៅក្នុងសារជាសំឡេងដែលត្រូវបានបញ្ជូនតាមប្រព័ន្ធតេឡេក្រាមនៅល្ងាចថ្ងៃទី១៦ ខែមេសានេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំករុណាខ្ញុំសូមយកឱកាសនេះបញ្ជាក់ទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ដើម្បីបញ្ជាក់សារជាថ្មីម្ដងទៀត។
សម្រាប់ពលរដ្ឋរបស់យើងពេលនេះ នៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ នៅស្រុកណា គឺនៅស្រុកនោះ នៅទីកន្លែងណា គឺនៅកន្លែងនោះក្នុងរយៈពេល ១៤ថ្ងៃ»។
ប្រមុខរាជរដ្ឋាភិបាល បានដាក់បញ្ជាឱ្យអនុវត្តវិធានការបិទខ្ទប់ឱ្យបានតឹងរឹងបែបនេះ បន្ទាប់ពីពលរដ្ឋមួយចំនួន បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញទៅដល់ខេត្តព្រៃវែង និងខេត្តក្រចេះ ដែលត្រូវបានរកឃើញឆ្លងកូវីដ១៩។
រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមមេរោគកូវីដ-១៩៕