ឥណ្ឌូនេស៊ី៖ ក្រុមអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រកាលពីរសៀលថ្ងៃចន្ទ ទី២១ វិច្ឆិកា ដែលបានផ្ដាច់ជីវិតមនុស្សរាប់រយនាក់នៅក្នុងខេត្តជ្វាខាងលិចបាននិយាយថា ពួកគេត្រូវការទឹកស្អាត និងស្បៀងអាហារជាចាំបាច់ ខណៈក្រុមអ្នកសង្គ្រោះព្យាយាមទៅដល់អ្នកបានរួចជីវិតជាប់ក្រោមគំនរកម្ទេចថ្ម ស្របពេលមានរលករញ្ជួយបន្តបន្ទាប់។

លោកប្រធានាធិបតី Joko Widodo បានធ្វើដំណើរទៅកាន់ទីប្រជុំជន Cianjur កាលពីថ្ងៃអង្គារដើម្បីលើកទឹកចិត្តក្រុមអ្នកជួយសង្គ្រោះ ហើយលោកថា រដ្ឋាភិបាលនឹងផ្ដល់សំណងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ លោកបានសន្យាថា រដ្ឋាភិបាលនឹងផ្ដល់ប្រាក់ ៣,២០០ដុល្លារអាមេរិកដល់ពលរដ្ឋម្នាក់ៗ ដែលលំនៅឋានរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី។

លោកប្រធានាធិបតីរូបនេះបានសម្ដែងភាពក្រៀមក្រមចូលរួមរំលែកទុក្ខ និងបាននិយាយថា ខ្ញុំបានបញ្ជាដល់រដ្ឋាភិបាលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ឲ្យធ្វើការរួមគ្នាជួយដោះស្រាយ ក្រោយគ្រោះមហន្តរាយរញ្ជួយដីនេះ។ ទីភ្នាក់ងារសម្រាលបន្ទុកគ្រោះមហន្តរាយធម្មជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សជាង ១.០០០នាក់បានរងរបួស និង ៥៨.០០០នាក់ជម្លៀសចេញពីលំនៅឋាន ព្រមទាំងផ្ទះសម្បែងជាង ២២.០០០ខ្នងត្រូវបានខូចខាត៕
អត្ថបទ៖ សុខមាន