អ៊ីរ៉ង់៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិហៅកាត់ថា IAEA បាននិយាយថា អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងការប្រើប្រាស់ម៉ាស៊ីនសែនធីផ្យូចដ៏ទំនើបនៅទីតាំងរោងចក្រនុយក្លេអ៊ែរ ២កន្លែង ឆ្លើយតបទៅនឹងសេចក្ដីសម្រេចរងការរិះគន់យ៉ាងខ្លាំងដែលបានអនុម័តប្រឆាំងអ៊ីរ៉ង់ នៅទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរពិភពលោក។
សារព័ត៌មានរដ្ឋបានបញ្ជាក់កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួននៅរោងចក្រនុយក្លេអ៊ែរ Fordow រហូតដល់ ៦០% ជាការបញ្ចេញប្រតិកម្មតបទៅនឹងសេក្ដីសម្រេចដែលបានអនុម័ត ដោយក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ របាយការណ៍នានានិយាយថា អ៊ីរ៉ង់ក៏បានផ្គត់ផ្គង់ឧស្ម័នដល់ម៉ាស៊ីនសែនធីផ្យូចនានានៅរោងចក្រនុយក្លេអ៊ែរ Natanz ក្នុងខេត្ត Isfahan ផងដែរដែលជាផ្នែកមួយនៃដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។
ដំបូងឡើយអ៊ីរ៉ង់បានបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់ ៦០% នៅរោងចក្រនុយក្លេអ៊ែរ Natanz កាលពីខែមេសា ឆ្នាំ២០២១ បន្ទាប់ពីមានការវាយប្រហារមួយលើរោងចក្រនេះ ដែលបានដាក់ការស្ដីបន្ទោសលើប្រទេសអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមកអ៊ីរ៉ង់បានបន្ថែមម៉ាស៊ីនទំនើបនៅទីនោះ ដែលអនុញ្ញាតឲ្យចម្រាញ់បានកាន់តែលឿន និងងាយស្រួលក្នុងការផ្លាស់ប្ដូររវាងកម្រិតចម្រាញ់៕
អត្ថបទ៖ សុខមាន