ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងជាប្រធានសភាបណ្តាប្រទេសសមាជិកអាយប៉ា (AIPA) លើកទី៤៣ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន។
ពិធីបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានសភាអាយប៉ារួមមាន ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម ប្រទេសព្រុយណេ ព្រមទាំងបណ្តាប្រទេសសង្កេតការណ៍ សមាជិកសភាប្រទេសជាភ្ញៀវ អង្គការ សមាគម និងស្ថាប័នស្រាវជ្រាវមួយចំនួន។
សម័យប្រជុំពេញអង្គលើកទី២ នាពេលនេះ ជាថ្ងៃទី៤នៃមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា មានសេចក្តីថ្លែងការណ៍ និងអនុម័តលើរបាយការណ៍មួយចំនួនរួមមាន៖
ទី១៖ គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា (វ៉ាយប៉ា)
ទី២៖ គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា (វ៉ាយភីអេ)
ទី៣៖ គណៈកម្មាធិការនយោបាយ
ទី៤៖ គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច
ទី៥៖ គណៈកម្មាធិការកិច្ចការសង្គមកិច្ច
និងទី៦៖ គណៈកម្មាធិការរៀបចំ និងសវនការអាយប៉ា-អាស៊ាន។
បន្ទាប់ពីនោះ មានពិធីប្រគល់ទង់សភាសង្កេតការណ៍អាយប៉ា, កិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការបូកសរុបផងដែរ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានប្រារព្ធធ្វើក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់» ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំនូវមតិ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកដោយចីរភាព៕ អត្ថបទ៖ សេក ឧត្តម