ទួរគី៖ ការរញ្ជួយដីកម្រិត ៦រ៉ិចទ័របានវាយប្រហារតំបន់មួយ នៃប្រទេសទួរគីភាគខាងលិចជិតទីប្រជុំជន Duzce ប្រមាណ ២១០គីឡូម៉ែត្រភាគខាងកើតទីក្រុងធំបំផុត Istanbul របស់ប្រទេសទួរគី បណ្ដាលឲ្យមនុស្ស ៣៥នាក់រងរបួស។ ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៤:០៨នាទីព្រឹកថ្ងៃពុធម៉ោងនៅទួរគី។

សារព័ត៌មាននានាបានរាយការណ៍ថា កម្លាំងរញ្ជួយខ្លាំងល្មមធ្វើឲ្យអង្រួននៅក្នុងរដ្ឋធានី Ankara និងទីក្រុង Istanbul។ នៅពុំមានសេចក្ដីរាយការណ៍ស្ដីពីការខូចខាតនៅឡើយទេ។ តាមការប៉ាន់ប្រមាណជម្រៅនៃការរញ្ជួយនេះចាប់ពី ២គីឡូម៉ែត្រទៅ ១០គីឡូម៉ែត្រ។ មានសេចក្ដីរាយការណ៍ជាច្រើនបង្ហាញពីការរំខានក្នុងតំបន់ ព្រមទាំងមានប្រជាពលរដ្ឋមួយចំនួនបានលោតចេញពីរានហាលមុខផ្ទះ។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគីលោក Suleyman Soylu បាននិយាយថា ពុំមានព័ត៌មានបញ្ជាក់ពីការបាត់បង់អាយុជីវិតមនុស្សនោះទេ។ ទីប្រជុំជន Duzce ធ្លាប់បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.២រ៉ិចទ័រកាលពីឆ្នាំ១៩៩៩ សម្លាប់មនុស្សយ៉ាងហោចណាស់ ៨៤៥នាក់។ ការរញ្ជួយនេះកើតឡើង ក្រោយការរញ្ជួយដីដ៏ធំកាលពីប៉ុន្មានឆ្នាំកន្លងទៅនៅទីក្រុង Izmit ស្ថិតនៅចម្ងាយ ១០០គីឡូម៉ែត្រភាគខាងលិចដែលបានសម្លាប់មនុស្សជាង ១៧.០០០នាក់ និងបណ្ដាលឲ្យអគារជាច្រើនក្នុងតំបន់នេះរងការខូចខាត៕
អត្ថបទ៖ សុខមាន