ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា កម្ពុជាគឺជាករណីជាក់ស្តែងមួយដែលបង្ហាញថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាចាំបាច់សម្រាប់ការកសាងមូលដ្ឋានសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម។
ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ការពង្រឹងសមត្ថភាពផលិតភាព និងការសម្រួលបរិវត្តកម្មរចនាសម្ព័ន្ធរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដែលសហការរៀបចំដោយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN ESCAP) សន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) និងគណៈកម្មាធិការជាតិអេស្កាប់នៃ រាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។
សិក្ខាសាលានេះ មានសមាសភាពអ្នកចូលរួមពីគណៈប្រតិភូមកពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមមាន៖ បង់ក្លាដែស ប៊ូតាន ឡាវ នេប៉ាល់ ទីម័រឡេស្តេ និងរួមទាំងកម្ពុជាផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងបន្ដថា បន្ទាប់ពីទទួលបាន សន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ និងមុនការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាទីកត់សម្គាល់ ដោយបានងាកចេញពីវិស័យកសិកម្ម ដោយសារការរីកលូតលាស់នៃវិស័យឧស្សាហកម្ម ពោលគឺការនាំចេញសំលៀកបំពាក់ និងការរីកលូតលាស់នៃវិស័យសេវាកម្ម ដោយការរីកចម្រើននៃវិស័យទេសចរណ៍។ កម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងមួយឆ្នាំ ក្នុងចន្លោះឆ្នាំ ១៩៩៨ និង២០១៩ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍលឿនបំផុតក្នុងពិភពលោក។ អត្រាភាពក្រីក្រនៅកម្ពុជាបានបន្តធ្លាក់ចុះពី ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៧,៨% ក្នុងឆ្នាំ ២០១៩។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ភាពរុងរឿងរបស់កម្ពុជា ដែលរួមមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលយើងកំពុងមាននាពេលបច្ចុប្បន្ន មិនមែនបានមកដោយចៃដន្យនោះទេ តែវាជាលទ្ធផលនៃគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងលើកកម្ពស់បរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងនិន្នាការនយោបាយ។ ប្រទេសកម្ពុជា បានទទួលសន្តិភាព និងការផ្សះផ្សាជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ ១៩៩៨ ហើយសង្រ្គាមដែលអូសបន្លាយជាង ៣០ ឆ្នាំបានបញ្ចប់នៅពេលដែលខ្មែរក្រហមបានបាក់បែក និងចូលរួមជាមួយរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីវិបត្តិមួយចំនួន ដែលក្នុងនោះមានដូចជា វិបត្តិជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ជម្លោះប្រដាប់អាវុធ ភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ដែលទាំងអស់នេះគឺជាសម្ពាធដ៏ខ្លាំងមកលើសន្តិភាព និងសន្តិសុខពិភពលោក។
ឯកឧត្តម បានបន្ថែមថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានកំណើនអវិជ្ជមាន ក៏ប៉ុន្តែវាបានចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗក្នុងឆ្នាំ ២០២១ និង ២០២២។ ការចាកចេញពីឋានៈប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបរបស់កម្ពុជាក្នុងឆ្នាំ២០១៥ ក៏ជាសញ្ញាមួយបង្ហាញថា កម្ពុជានឹងអាចសម្រេចបានឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០។
នាឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពី “ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥” ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ ដើម្បីបង្កើនការទាក់ទាញការវិនិយោគ និងពាណិជ្ជកម្ម និងលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ចជាតិរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងដោះស្រាយបញ្ហាប្រឈម និង ហានិភ័យនៃការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់សកលផងដែរ។ ក្របខណ្ឌគោលនយោបាយនេះ បានកំណត់ចក្ខុវិស័យកសាង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែប្រសើរសំដៅពង្រឹងសន្តិសុខ សេដ្ឋកិច្ច និងសុខុមាលភាពសង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន និងត្រូវសម្រេចឱ្យបានក្នុងរយៈពេល ១៤ឆ្នាំខាងមុខ។
ទេសរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាត្រូវការការចូលរួម និងគាំទ្រពីដៃគូអន្តរជាតិគ្រប់ទិសទី ហើយសមិទ្ធិផលជាច្រើនដែលកម្ពុជាសម្រេចបាននាពលកន្លងមក បានបង្ហាញឱ្យឃើញថា ការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពិតជានាំមកនូវភាពជោគជ័យ ហេតុនេះ ឆ្ពោះទៅមុខបន្តទៀត វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបានគោលដៅកំណត់ដោយរាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានបង្ហាញពីក្តីសង្ឃឹមដ៏មុតមាំរបស់ឯកឧត្តមសម្រាប់ការពង្រឹងពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងសាមគ្គីភាពអន្តរជាតិសម្រាប់ពិភពលោក ដើម្បីទទួលបានជ័យជម្នះលើវិបត្តិកូវីដ-១៩ ជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នាសម្រាប់ទាំងអស់គ្នា៕