ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុងប្រមាណ ១៤ លាននាក់ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ រហូតដល់ឆ្នាំ ២០២៧។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងពិធីបិទ «វេទិកាជាតិអេកូទេសចរណ៍លើកទី៣» នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងក្របខណ្ឌអាស៊ាន តាមរយៈការអនុវត្តគំរូអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ ក្រោមរូបភាពជាដៃគូរ រដ្ឋ និងប្រជាជន ក្នុងការផ្តល់សិទ្ធអំណាចដល់សហគមន៍ ដល់ជាប្រយោជន៍អតិប្បរមាក្នុងមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងគោរពតាមគោលការណ៍ជាជំហាន និងទទួលខុសត្រូវស្របតាមទស្សនទាន ការអភិរក្សបម្រើដល់ការអភិវឌ្ឍ និងស្របតាមគៅលការណ៍នៃការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌។
ឈរលើមូលដ្ឋានទាំងអស់នេះ រាជរដ្ឋាភិបាលបានអនុវត្តដាក់ឲ្យប្រើប្រាស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយក្នុងនោះអនុវិស័យអេកូទេសចេណ៍ គឺជាសរស្តម្ភមួយ ក្នុងចំណោមសរស្តម្ភទាំង៤ គឺទេសចរណ៍វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និងភាពជាខ្មែរ ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជ។
បញ្ហានេះ ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុង ប្រមាណ ១៤ លាននាក់ នៅក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ រហូតដល់ឆ្នាំ ២០២៦ ឬឆ្នាំ២០២៧ ជាមួយភាពប្រកដប្រជានៃវិបត្តិកូវីដ ១៩ និងវិបត្តិសកលលោកនានា ខណៈដែល ១០ ខែ ឆ្នាំ ២០២២ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ ប្រមាណ ១,៥ លាននាក់រួចហើយ និងរំពឹងថា ក្នុងឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ២ លាននាក់ផងដែរ។
ទាក់ទងបញ្ហាទេសចរណ៍នេះ, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថា ជុំវិញការរំពឹងទុក នៃការកើនឡើងភ្ញៀវទេសចរណ៍នេះ បើយើងក្រឡែកមើលបច្ចុប្បន្ន ភ្ញៀវទេសចរណ៍បានចេញកម្សាន្តជាហូរហែរ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ ១៩ បានធូរស្រាល ដែលក្នុងនោះអនុវិស័យអេកូទេសចរណ៍ រួមជាមួយសេវាកម្មសហគមន៍ភ្ញៀវទេសចរណ៍បានកំពុងទាក់ទាញផងដែរ ខណៈវិបត្តិនៃជំងឺកូវីដ ១៩ ហាក់ដូចជាបណ្តុះគំនិតឲ្យពួកគាត់កាន់តែស្រឡាញ់ និងគាំទ្រ អភិរក្សធនធានធម្មជាតិ អេកូទេសចរណ៍កាន់តែខ្លាំង ដូច្នេះរបត់នៃការកើនឡើងភ្ញៀវទេសចរណ៍នេះ កម្ពុជានឹងអាចសម្រេចបានតាមការគ្រោងទុក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់វិស័យទេសចរណ៍ទាំងមូល សម្រាប់បញ្ហានេះ ឯកឧត្តមស្នើរបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ជាច្រើនទៀត ជាពិសេសការដោះស្រាយបញ្ហាក្នុងសហគមន៍ដូចជា ការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ និងការផ្តល់សេវាសាធារណៈនានា, ការបន្តសិក្សារៀបចំបញ្ជីសហគមន៍អាទិភាព ដើម្បីដាក់បញ្ចូលក្នុងផែនការអាទិភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការគាំទ្រឱ្យមានការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំ នៅតាមតំបន់អេកូទេសចរណ៍អាទិភាពជាដើម៕អត្ថបទ៖ សុន រ៉ាឌី




