ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាផ្ទាល់មាត់ដាច់ខាតទៅសាលារាជធានីភ្នំពេញ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យអនុវត្តឱ្យខានតែបាននូវវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាផ្ទាល់មាត់បែបនេះតាមរយៈសារជាសំឡេង ត្រូវបានបញ្ជូនចេញតាមតេឡេក្រាមទៅកាន់ជនរួមជាតិនៅល្ងាចថ្ងៃនេះ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «សូមសាលារាជធានីភ្នំពេញក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិនិត្យបញ្ហានេះឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងការចម្លងចេញ-ចូលពីខេត្តមកទីក្រុង ហើយពីទីក្រុងទៅកាន់ខេត្ត»។ ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា៖ «ឥឡូវ បញ្ជាដាច់ណាត់ដាច់ខាតមិនឱ្យមានមនុស្សចេញពីទីក្រុងភ្នំពេញ ហើយក៏មិនអនុញ្ញាតឱ្យមនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញដើម្បីចូលទីក្រុងភ្នំពេញទេ»។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃនេះ គឺដើម្បីកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ ពីផ្ទះមួយទៅផ្ទះមួយ និងកាត់ផ្ដាច់ការចម្លងពីរាជធានីភ្នំពេញទៅខេត្ត និងការចម្លងពីខេត្តចូលមករាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិធានការបិទខ្ទប់អាចនឹងអូសបន្លាយពេលថែមទៀត ហើយខេត្តមួយចំនួនក៏អាចដាក់ឱ្យស្ថិតក្រោមវិធានការបិទខ្ទប់ផងដែរ ប្រសិនបើរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃនៅតែពុំអាចទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំងនៃមេរោគកូវីដ១៩នោះ។ កាលពីរាត្រីថ្ងៃទី១៤ ខែមេសា ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល និងក្រុងតាខ្មៅរបស់ខេត្តកណ្ដាលផងដែររយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ដែលគេមើលឃើញថា បានកើនឡើងដល់ចំនួន ៥.៤៨០នាក់ហើយមកដល់ថ្ងៃនេះ៕
អត្ថបទ៖ សុខធី