ស៊ីរី៖ គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យក្នុងតំបន់ និងសកម្មជនបានិយាយថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីក្រុង Azaz ភាគពាយ័ព្យប្រទេសស៊ីរីដែលគ្រប់គ្រងដោយក្រុមឧទ្ទាម បណ្តាលឲ្យជនស៊ីវិល ៥នាក់ស្លាប់ និងរងរបួស ៥នាក់ផ្សេងទៀតកាលពីថ្ងៃអង្គារ។ អ្នកស្លាប់រួមមានកុមារម្នាក់ និងបុរស ៤នាក់។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចបញ្ជាក់បានភ្លាមៗពីប្រភពនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលបានកើតឡើងនៅក្នុងតំបន់ក្បែរព្រំដែនប្រទេសទួរគី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមអ៊ីស្លាមនិយមគាំទ្រដោយទួរគីនោះទេ។ វីដេអូដែលបង្ហោះតាមបណ្តាញអ៊ីនធឺណិតបានបង្ហាញ មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅជុំវិញគំនរបាក់បែកនៅតាមផ្លូវក្នុងទីក្រុង ខណៈសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់ប្រញាប់ប្រញាលជួយសង្គ្រោះអ្នករងរបួស។ ឧប្បត្តិហេតុនេះកើតឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងយន្តហោះចម្បាំងរបស់ទួរគីលើកងជីវពលអង្គភាពការពារប្រជាជនឃឺដ (YPG) នៅប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈប្រទេសទួរគី និងអង្គភាព YPG បង្កើនការវាយប្រហារសងសឹក ដែលបានបណ្តាលឲ្យជនស៊ីវិលស្លាប់នៅព្រំដែនទាំងសងខាង។
ប្រទេសទួរគីបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានបំផ្លាញគោលដៅចំនួន ៨៩កន្លែងនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដោយក្រុមសកម្មប្រយុទ្ធចំនួន ១៨៤នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការវាយប្រហារទៅលើអង្គភាពYPG និងគណបក្សពលករឃឺដ (PKK) កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ ទីក្រុងអង់ការ៉ានិយាយថា ប្រតិបត្តិការកាលពីចុងសប្តាហ៍របស់ខ្លួនគឺជាការសងសឹក ចំពោះការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីសប្តាហ៍មុន បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ ជាអ្វីដែលអាជ្ញាធរបានដាក់កំហុសទៅលើក្រុមសកម្មប្រយុទ្ធ។ ប៉ុន្តែគ្មានក្រុមណាមួយបានអះអាងទទួលខុសត្រូវនោះទេ ហើយគណបក្សពលករឃឺដ (PKK) និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះនេះ៕
អត្ថបទ៖ ប៊ុនថន