ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានារបស់ជនការភាព ដើម្បីបង្កើនការអនុវត្ត និងជម្រុញការគាំទ្រសក្តានុពល និងធនធាននានារបស់ជនពិការដែលអាចប្រើប្រាស់បាន នៅក្នុងសង្គមវប្បធម៌ សិល្បៈ សាសនា កីឡា ការលម្ហែកាយ និងសកម្មភាពនានាទៀត។
នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងពិការភាពនៅទីស្តីការក្រសួងវប្បធម៌ ថ្ងៃទី២៣ ខែវិច្ឆិកានេះ លោកជំទាវ នេត ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា ដើម្បីជម្រុញការលើកកម្ពស់សិទ្ធជនពិការ និងចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីជនពិការភាពឆ្នាំ២០១៩ ឆ្នាំ២០២៣ នៅក្នុងផែ្នកវប្បធម៌បច្ចុប្បន្ន គឺក្រសួងបានបើកឱកាសឲ្យជនពិការទទួលបានការអប់រំ ជំនាញវិជ្ជាជីវៈ ដែលជាអ្នកបង្កើតនូវគំនិតប្រាជ្ញាក្នុងការលើកតម្លៃវប្បធម៌ជាតិ អត្តសញ្ញាណជាតិកាន់តែខ្ពស់ថែមទៀតក្នុងក្របខ័ណ្ឌជាតិជាតិអន្តរជាតិ។
លោកជំទាវ បន្តថា ដោយឡែកនៅក្នុងផ្នែកសេដ្ឋកិច្ចវិញ ក្រសួងក៏បានបើកឱកាសផ្តល់លទ្ធភាពគ្រប់បែបយ៉ាងជនពិការចូលរួមក្នុងសកម្មភាពវិនិយោគផលិតផល សេវាកម្មផ្នែកវប្បធម៌ និងទាញយកផលចំណិញពីផលិតផលវប្បធម៌ជាតិ ដូចជាការបង្កើតស្នាដៃសិល្បៈ សោតទស្សន៍ តូរ្យតន្ត្រី ការសម្តែង និងបច្ចេកវិទ្យាព័ត៌មានជាដើម។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តយុទ្ធសាស្ត្រមួយចំនួន បង្កឱកាសឲ្យជនមានពិការភាពចូលរួមស្មើគ្នា នៅក្នុងសកម្មភាពសង្គម និងកៀរគរប្រភពធនធាននានារបស់ជនមានពិការភាពដែលមានលទ្ធផលអាចប្រើប្រាស់បាន និងមានសក្តានុពល ដូចជា ការចូលរួមសម្តែងសិល្បៈ បង្ហាញសមត្ថភាពនិងការប្រកួតប្រជែងជាដើម។
ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បច្ចុប្បន្នគឺមានតួនាទីសំខាន់ណាស់ សម្រាប់កែប្រែស្ថានភាពជីវភាពការរស់នៅរបស់ជនពិការភាព ជាពិសេសភាពស្មើគ្នានៃឱកាសក្នុងវិស័យវប្បធម៌ និងសិល្បៈ និងធនាថា ជនមានពិការភាពមានឱកាសប្រើប្រាស់សក្តានុពលច្នៃប្រឌិតសិល្បៈនិងបញ្ហារបស់គេដើម្បីបង្កើតឱកាសសម្រាប់សង្គមជាតិទាំងមូល៕ អត្ថបទ ស៊ុម សុខជា