វាយកូនបាល់៖ ការប្រកួតកីឡាវាយកូនបាល់នៃកីឡាជាតិលើកទី៣ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួត ៥ថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ខណៈលោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានចាប់អារម្មណ៍វិញ្ញាសាឯកត្តជនបុរស-នារី ដែលកីឡាករ-កីឡាការិនីកម្ពុជាសុទ្ធតែធ្វើបានល្អ។
ថ្លែងក្រោយបិទការប្រកួតលោក ជា ពៅ បានបញ្ជាក់ថា គ្រប់វិញ្ញាសាកីឡាករ-កីឡាការិនីសុទ្ធតែធ្វើបានល្អ ពិសេសវិញ្ញាសាឯកត្តជនទាំងបុរស និងនារី ដោយលោកកត់សម្គាល់ឃើញថា កម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាក្ដីសង្ឃឹមសម្រាប់ត្រៀមការប្រកួតអន្ដរជាតិនាពេលខាងមុខ ពិសេសស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង។
សម្រាប់លទ្ធផលបច្ចេកទេសការប្រកួតកីឡាវាយកូនបាល់នៃកីឡាជាតិលើកទី៣ ក្នុងចំណោម ៤វិញ្ញាសាគឺខេត្តសៀមរាបដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ខណៈក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខរៀងទី៣៕ អត្ថបទ៖ លី ឈុនឡា
ទស្សនការរូបភាព នៃការប្រកួត៖

















