ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានអនុញ្ញាតឱ្យ ឯកឧត្តម អូឡិចសាន់ ខូនិយេនកូ អនុប្រធានរដ្ឋសភានៃប្រទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងឱកាសដែល ឯកឧត្តមអនុប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតលើកទី៤៣ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ។
ឯកឧត្តម អូឡិចសាន់ ខូនិយេនកូ បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា ពិសេសសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញសភាអ៊ុយក្រែន មកចូលរួមមហាសន្និបាតអាយប៉ា ក្នុងឱកាសនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការប្រឆំាងសង្រ្គាមនៅ អ៊ុយក្រែនរបស់កម្ពុជា ពិសេសការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ មានតែការចចារទេទើបអាចបញ្ចប់សង្រ្គាមបាន។



