ភ្នំពេញ៖ តាមការកំណត់ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រកាសជាផ្លូវការអំពីម្ចាស់ជ័យលាភី វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃសមត្ថភាពដ៏សុក្រិតពីគណៈកម្មការថ្នាក់ជាតិយ៉ាងត្រឹមត្រូវបំផុត។
កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២នៅល្ងាចថ្ងៃនេះ នឹងប្រាព្ធធ្វេីឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហុីម៉ាវារី រាជធានីភ្នំពេញ។
សូមជម្រាបជូនថា កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិ រៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដែលជាគ្រឹះស្ថានសាធារណៈ កំពុងបំពេញការងារយ៉ាងសកម្មក្នុងការកសាងសហគ្រិនថ្មី អភិវឌ្ឍសហគ្រិនដែលមានស្រាប់ និងជាអ្នកអនុវត្តសហគ្រិនភាពសង្គម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះដែរ ប្រព្រឹត្តទៅក្រោមកិច្ចសហការជាមួយសហគ្រិនខ្មែរ (Khmer Enterprise) តាមរយៈជំនួយរដ្ឋាភិបាលកម្ពុជា និងធនាគារព្រីនស៍ ដើម្បីធ្វើការងាររួមគ្នាជាមួយសហគ្រិន អ្នកបង្កើតគំនិតថ្មីៗ នវានុវត្តន៍ និងអ្នកដឹកនាំអាជីវកម្មក្នុងការរៀបចំការប្រកួតប្រជែងលើប្រធានបទជាក់លាក់ជារៀងរាល់ឆ្នាំ តាមរយៈការរៀបចំឲ្យមានការប្រកួតប្រជែងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិក្នុងប្រទេសកម្ពុជា។
កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ សម្រាប់ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាម៉េរិក, លេខ២ នឹងទទួលបានទឹកប្រាក់ចំនួន ៥ពាន់ដុល្លារអាម៉េរិក, លេខ៣ នឹងទទួលបានទឹកប្រាក់ចំនួន ៣ពាន់ដុល្លារអាម៉េរិក និងលេខ៤ នឹងទទួលបានទឹកប្រាក់ចំនួន ២ពាន់ដុល្លារអាម៉េរិក៕ អត្ថបទ ៖ បូរ៉ាវី






