
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី ដោយមានការគាំទ្រពី កម្មវិធី ACCESS របស់ប្រទេស អូស្ត្រាលី បានបន្តផ្ដល់ការបណ្ដុះបណ្ដាលជំនាញចចារដល់ ស្ត្រីមានពិការភាព ក្នុងគោលដៅឱ្យពួកគេមានសមត្ថភាព ចរចាឈានទៅលប់បំបាត់ការរើសអើង រឺបញ្ហានានា។
វគ្គបណ្ដុះបណ្ដាលជំនាញចចារនេះ ជាការរៀបចំឡើងវគ្គទី៤ ដែលមានស្ត្រីមានពិការភាពចំនួន ៤០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ គឺមានគោលបំណងក្នុងការបំប៉នជំនាញថែម បង្កើនជំនាញចរចា បញ្ចុះបញ្ចូល និងជំនាញនិយាយជាសាធារណៈ ដោយភ្ជាប់ជាមួយនឹងចំណេះដឹងផ្លូវច្បាប់ ដើម្បីឱ្យការចរចានោះប្រកបដោយប្រសិទ្ធភាពផងដែរ។
ក្នុងឱកាសបើវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លើកឡើងថា នេះជាការបណ្ដុះបណ្ដាលដែលមានសារៈសំខាន់។ ឯកឧត្តម បង្ហាញការជឿជាក់ថា តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងក្លាយជាបច្ច័យគំនិតដែលធ្វើឱ្យស្ត្រីដែលមានពិការភាពដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ អាចយកទៅជជែក ចចារស្វែងរកការគាំទ្រ ដើម្បីទទួលបានសិទ្ធិយ៉ាងពេញលេញហើយក្លាយជាការពិត ដើម្បីឈានទៅរក ការលប់បំបាត់នូវរាល់ការរើសអើងនិងអំពើហិង្សាគ្រប់រូបភាព។
ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធទៅនឹងវិស័យពិការភាព ជាពិសេសរួមគ្នាចូលរួមទប់ស្កាត់រាល់ អំពើហិង្សាលើស្ត្រីនិងកុមារីដែលមានពិការភាព ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាយើង ក្លាយជាប្រទេសមួយដែលមិនមានការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រប់រូបភាព សម្រាប់ទាំងអ្នកមានពិការភាព និងសម្រាប់ពលរដ្ឋដែលគ្មានពិការភាពផងដែរ។
តាមរយៈផែនការទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចញនូវការធានាសមភាពយេនឌ័រសម្រាប់ស្ត្រីមានពិការភាពដែលត្រូវបានកំណត់ទិសដៅជាយុទ្ធសាស្ត្រទី៧ ដែលបានបង្ហាញពីចក្ខុវិស័យច្បាស់លាស់អំពីសារៈសំខាន់នៃសមភាពយេនឌ័រសម្រាប់ការពង្រឹងអំណាចរបស់ស្ត្រីមានពិការភាពនិងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន៕អត្ថបទ៖ គឹមហុក