ហែលទឹក៖ សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បានបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដោយជោគជ័យ ក្រោយដំណើរការប្រកួត ៤ថ្ងៃពីថ្ងៃទី២០-២៣ ខែវិច្ឆិកានៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។
សម្រាប់លទ្ធផលនៃការប្រកួតកីឡាហែលទឹក (មិនពិការភាព) ក្នុងចំណោម ២៤វិញ្ញាសាគឺអត្តពលិកមកពីខេត្តព្រៃវែង ដណ្ដើមបានមេដាយច្រើនជាងគេរួមមានមេដាយមាស ៧ ប្រាក់ ៥ និងសំរឹទ្ធ ២ ស្របពេលក្រសួងមហាផ្ទៃឈរលេខ២ ឈ្នះមេដាយមាស ៤ ប្រាក់ ៥ និងសំរឹទ្ធ ៣ និងរាជធានីភ្នំពេញឈរលេខ៣ ឈ្នះមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១។ រីឯខេត្តកណ្ដាលឈរលេខ៤ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៤ គ្រាដែលខេត្តបាត់ដំបងឈរលេខ៥ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរលេខ៦ ឈ្នះមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៧ និងខេត្តកោះកុងឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១។
ដោយឡែកការប្រកួតកីឡាហែលជនពិការវិញ គឺខេត្តកំពតដណ្ដើមបានមេដាយច្រើនជាងគេក្នុងចំណោម ៩វិញ្ញាសា ដោយឈ្នះមេដាយមាស ៣ និងប្រាក់ ១ តាមពីក្រោយដោយខេត្តកំពង់ចាមឈ្នះមេដាយមាស ២ និងសំរឹទ្ធ ៣។ ចំណែករាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំងឈរលេខ៣ និងលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ ដូចគ្នា។ ឯខេត្តកណ្ដាលឈរលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ២ និងខេត្តកែបឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខ៦។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះដំណើរការប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិឆ្នាំ២០២២ ទោះបីការដឹកនាំ និងរៀបចំការប្រកួតផ្នែកជនពិការនៅមានចំណុចខ្វះខាត តែជារួម ទាំងបច្ចេកទេសប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនីគឺមានលក្ខណៈល្អប្រសើរ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺក្រុមអត្តពលិកមកពីបណ្ដាខេត្ត ដណ្ដើមបានមេដាយច្រើនតែម្ដង។ គួរបញ្ជាក់ថា មកទល់ពេលនេះមានកីឡាមួយចំនួនបានបញ្ចប់ការប្រកួតជាបណ្ដើរៗហើយ ខណៈកីឡាមួយចំនួយធំនៅបន្ដ និងត្រៀមការប្រកួតជាបន្ដបន្ទាប់ទៀតរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា





