ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្សដល់ទៅ ២៩១នាក់បន្ថែមទៀតឆ្លងមេរោគកូវីដ១៩ ដែលភាគច្រើនបំផុតសុទ្ធតែពាក់ព័ន្ធនឹងការឆ្លងរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅព្រឹកនេះ ក្រសួងសុខាភិបាលនិយាយថា មនុស្ស ២៩០នាក់ បានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈ ១ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកដំណើរជាស្ត្រីជនជាតិបារាំង ដែលធ្វើដំណើរមកដល់កម្ពុជាកាលពីថ្ងៃទី៣ ខែមេសានេះ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មី ២៩០ករណីនោះ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ២២៨នាក់ ខេត្តព្រះសីហនុ ២៦នាក់ ខេត្តកណ្ដាល ១៤នាក់ ខេត្តតាកែវ ១២នាក់ ខេត្តស្វាយរៀង ៨នាក់ និងខេត្តព្រៃវែង ២នាក់។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្សដល់ទៅ ៥ ៧៧១នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសគិតចាប់តាំងពីចុងខែមករាឆ្នាំមុនមក ក្នុងនោះមនុស្សដល់ទៅ ៥ ២២៨នាក់ បានឆ្លងមេរោគផ្លូវដង្ហើមមួយនេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ចំណែកអ្នកជាសះស្បើយវិញ ក្រសួងសុខាភិបាលប្រកាសថាមានចំនួនកើនឡើងដល់ ២ ៤១៦នាក់ហើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ២៣នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ៣ ៣១១នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕




