បាល់ទាត់៖ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត ក្រុមបាល់ទាត់អាស៊ីមួយទៀតបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល គឺក្រុមសាមូរ៉ៃជប៉ុនបានវាយបកយកឈ្នះក្រុមជើងឯកពិភពលោក ៤សម័យអាល្លឺម៉ង់ ២-១ នៅក្នុងពូល E។
ការចាប់ផ្តើមនៅក្នុងវគ្គទី១ គេឃើញពីការគ្រប់គ្រង និងការបង្កើតឱកាសជាច្រើនរបស់ក្រុមអាល្លឺម៉ង់ រហូតរកបានគ្រាប់បាល់នាំមុខដែលជាបាល់ពិន័យ ១១ម៉ែត្រធ្វើសំរេចដោយខ្សែបម្រើ Manchester City, Ilkay Gundogan។ តែវគ្គទី២ ស្ថានភាពខុសគ្នាដាច់សម្រាប់ក្រុមជប៉ុនដែលបានផ្លាស់ប្តូរទម្រង់ និងយុទ្ធសាស្ត្រក្រោមការដឹកនាំរបស់គ្រូបង្វឹក Hajime Moriyasu ដែលឈានដល់ការបង្កើតបានជ័យជំនះជាប្រវត្តិសាស្ត្រមួយនេះ។ កីឡាករបម្រុងពីរនាក់គឺជាអ្នករកបានគ្រាប់តាមស្មើ និងជ័យជំនះគឺ Ritsu Doan នៅនាទីទី៧៥ និង Takuma Asano នាទីទី៨៣។ ប្រកួតបន្ទាប់ជប៉ុនត្រូវជួបកូស្តារីការ ខណៈអាល្លឺម៉ង់ត្រូវជួបអេស្ប៉ាញ៕
អត្ថបទ៖នាង សុភាវុធ