បាល់ទាត់៖ ក្រុមបិសាចក្រហមអឺរ៉ុបជម្រើសជាតិប៊ែលហ្ស៊ិក បានបើកទំព័របាល់ទាត់ពិភពលោក ២០២២ របស់ខ្លួនជាមួយនឹងជ័យជំនះ ១-០ លើក្រុមចំណូលថ្មីកាណាដានៅក្នុងពូល F។

ថ្វីបើជាក្រុមថ្មីមែន កាណាដាមានឱកាសគ្រប់គ្រងបាល់ច្រើនក្នុងការប្រកួតនេះ តែពួកគេខ្ជះខ្ជាយនៅខាងមុខទី។ មិនត្រឹមតែប៉ុណ្ណោះ កាណាដាក៏មានឱកាសទាត់បាល់ ១១ម៉ែត្រទៀតផងក្រោយកំហុសបាល់ប៉ះដៃ តែកីឡាកររបស់ Bayern Munich, Alphonso Davies ស៊ុតបាល់ ១១ម៉ែត្រនោះមិនចូលនៅនាទីទី១០។ ផ្ទុយទៅវិញក្រុមរបស់លោក Roberto Martinez ក៏អាចរកបានគ្រាប់នាំមុខបានសម្រេចទៅវិញនៅនាទីទី៤៤ មុនចប់វគ្គទី១ ដោយ Michy Batshuayi និងជាគ្រាប់ជ័យជំនះរបស់ប៊ែលហ្ស៊ិកតែម្តង។
ទោះបីជាទទួលបានជ័យជំនះក៏ពិតមែន គ្រូបង្វឹកប៊ែលហ្ស៊ិក Roberto Martinez មិនពេញចិត្តនឹងទំរង់លេងក្រុមរបស់លោកឡើយដែលបានបង្កើតឱកាសស៊ុតត្រឹម ៩លើក ខណៈកាណាដាមានដល់ទៅ ២១លើក។ ដោយឡែកសម្រាប់កាណាដាដែលធ្លាប់លេង World Cup ម្តងគត់កាលពីឆ្នាំ១៩៨៦ នៅប្រទេសម៉ិកស៊ិកនោះធ្លាប់ចាញ់ការប្រកួតទាំង ៣ របស់ខ្លួននៅក្នុងពូលនៅពេលនេះ តែតាមរយៈទម្រង់លេងនៅពេលនេះត្រូវបានគេជឿថា កាណាដានឹងមិនមានប្រវត្តិដូចមុនឡើយ៕
អត្ថបទ៖នាង សុភាវុធ