ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាថា ការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាពនិងបរិយាបន្ន ទាមទារឱ្យមានការដោះស្រាយ គឺមិនត្រឹមតែបញ្ហានៅដក់សល់ពីវិបត្តិកូវីដ-១៩ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាន ដើម្បីស្វែងរកវិធីសាស្ត្រដែលល្អបំផុត ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងក្នុងពិធីបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ស្តីពី "ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញនិងភាពធន់ក្រោយកូវីដ-១៩ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំនៅពេលនេះ បានផ្ដោតលើ “បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” នៅពេលនោះលទ្ធផលស្រាវជ្រាវ និងអនុសាសន៍ជាច្រើនត្រូវបានផ្ដល់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលសក្តានុពលរបស់វិស័យនេះក្នុងការជួយស្ដារកំណើនឡើងវិញ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
លោកជំទាវ បន្តថា បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតតិចតួចបំផុត និងមិនមានអ្វីគួរឱ្យព្រួយបារម្ភទៀតនោះទេ ដែលការណ៍នេះ បានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យចម្បងៗ បន្តងើបឡើងវិញជាលំដាប់។
ដើម្បីប្រមូលធាតុចូលសម្រាប់ពិចារណាក្នុងការដាក់ចេញគោលនយោបាយថ្មីៗបន្ថែមទៀត នៅក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជាកំពុងបន្តងើបឡើង និងដើម្បីបន្តសាបព្រោះវប្បធម៌ស្រាវជ្រាវឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសយកប្រធានបទស្រាវជ្រាវ ស្តីពី "ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩” សម្រាប់ឆ្នាំ២០២២នេះ។
លោកជំទាវ បន្តថា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាពនិងបរិយាបន្ន ទាមទារឱ្យមានការដោះស្រាយមិនត្រឹមតែបញ្ហានៅដក់សល់ពីវិបត្តិកូវីដ-១៩ តែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបញ្ហាប្រឈមថ្មីៗ ដែលកំពុងកើតមានដូចជា បញ្ហាអតិផរណាខ្ពស់ ការថមថយកំណើនសេដ្ឋកិច្ចពិភពលោក និងការប្រែប្រួលអាកាសធាតុជាដើម។
ជាមួយនឹងបញ្ហាប្រឈមដែលមានលក្ខណៈជាពហុវិស័យបែបនេះ ធនាគារជាតិនៃកម្ពុជា បានបង្កើតវេទិកាពិភាក្សា ដើម្បីប្រមូលមតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក៏ដូចជាដើម្បីចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក គឺមានភាពចាំបាច់ជាទីបំផុត ដើម្បីស្វែងវិធីសាស្ត្រដែលល្អបំផុត ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ៕អត្ថបទ៖ សុន រ៉ាឌី