អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានជំរុញដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យចាត់វិធានការប្រឆាំងរុស្ស៊ី ជុំវិញការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានធ្វើឲ្យទីក្រុងជាច្រើនរបស់អ៊ុយក្រែនធ្លាក់ចូលក្នុងភាពងងឹងជាថ្មី និងអាកាសធាតុត្រជាក់ ខណៈរដូវរងាជិតចូលមកដល់។

រុស្ស៊ីបានបាញ់ស្រោចមីស៊ីលពាសពេញប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធសម្លាប់មនុស្ស ១០នាក់ បង្ខំឲ្យបិទរោងចក្រថាមពលអគ្គិសនី និងកាត់ផ្ដាច់ប្រព័ន្ធទឹក និងការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជាច្រើន ព្រមទាំងប៉ះពាល់តំបន់មួយចំនួនក្នុងប្រទេសជិតខាងម៉ូលដូវ៉ា។ លោក Zelenskyy បាននិយាយតាមប្រព័ន្ធវីដេអូទៅកាន់ក្រុមប្រឹក្សានេះថា អ៊ុយក្រែនរងការបាញ់ប្រហារដោយមីស៊ីលរហូតទៅដល់ ៧០គ្រាប់ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។ នោះជារូបមន្តនៃភេរវកម្មរបស់រុស្ស៊ី។ ទាំងនេះគឺជាការប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល មន្ទីរពេទ្យ សាលារៀន ការដឹកជញ្ជូនរបស់យើង។ ប្រជាពលរដ្ឋទាំងអស់បានរងទុក្ខ។
លោកបានបន្ថែមថា អ៊ុយក្រែនកំពុងរង់ចាំមើលប្រតិកម្មដ៏ខ្លាំងក្លាពីពិភពលោក ចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធ។ ក្រុមប្រឹក្សានេះទំនងជានឹងមិនចាត់វិធានការណាមួយ ឆ្លើយតបទៅនឹងការអំពាវនាវនេះទេ ព្រោះប្រទេសរុស្ស៊ីដែលជាសមាជិកក្រុមប្រឹក្សានេះមានអំណាចវ៉េតូជំទាស់៕
អត្ថបទ៖ សុខមាន