កោះកុង៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដចំនួន ៧នាក់ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកោះកុង។
មានអ្នកជំងឺកូវីដ១៩ ចំនួន៧នាក់ហើយ ដែលត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុង យល់ព្រមឱ្យចាកចេញទៅកន្លែងបម្រើការងាររបស់ពួកគេវិញ ក្រោយចំណាយពេលវេលាច្រើនថ្ងៃពិនិត្យព្យាបាល។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ឱ្យដឹងថា កាលពីថ្ងៃទី១៣ មេសា អ្នកជំងឺ៥នាក់ធ្លាប់អោយចាកចេញពីមន្ទីរពេទ្យម្តងហើយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ មេសា មានអ្នកជំងឺ២នាក់ផ្សេងទៀត បន្តឱ្យវិលត្រឡប់ទៅមូលដ្ឋាន ដោយពួកគេសុទ្ធតែជាជនជាតិចិន។
បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ទោះបីជាមានអ្នកជំងឺ៧នាក់ជាសះស្បើយថ្ងៃនេះក៏ដោយ ក៏នៅមានអ្នកជំងឺ៨នាក់/ខ្មែរ១នាក់កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដោយពេលនេះលទ្ធផលអវិជ្ជមាន៧នាក់ និងនៅសល់១នាក់វិជ្ជមានគ្រាយកសំណាកពិនិត្យលើកទី១។
អ្នកជំងឺ៧នាក់ដែលអវិជ្ជមាន នឹងត្រូវយកសំណាកពិនិត្យលើកទី២ឡើងវិញម្តងទៀត ករណីរកមិនឃើញវិជ្ជមានទៀតនោះ គឺអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
ក្រុមគ្រូពេទ្យ នៅតែទាមទារដល់អ្នកដែលជាសះស្បើយពីជំងឺកូវីដនៅពេលនេះ មិនត្រូវធ្វេសប្រហែសឡើយ ព្រោះនៅតែអាចឆ្លងឡើងវិញបានដែរ។ ដូច្នេះពួកគាត់ត្រូវតែបន្តធ្វើចត្តាឡីស័ក នៅលំនៅឋានរបស់ខ្លួនបន្ត១៤ថ្ងៃទៀត ដោយរក្សាអនាម័យដៃ ពាក់ម៉ាស់ និងរក្សាគម្លាតពីគេ ជាពិសេសអនុវត្តតាមវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប់ជានិច្ច គឺ ៖ ៣ ការពារ និង ៣កុំ ៕ អត្ថបទ៖ មករា




