ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំអាយប៉ានៅកម្ពុជា លោកជំទាវ Shiha Ali Gizi Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលជួបពិភាក្សាការងារ។
ក្នុងជំនួបនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ លោកជំទាវ Shiha Ali Gizi Gafarova បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ដែលបានគាំទ្រអាស៊ែបៃហ្សង់ឱ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។ លោកជំទាវបានគោរពជម្រាបជូនសម្ដេចតេជោថា៖រយៈពេល៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញអំពីសក្តាពលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិជាពិសេសរវាងយុវជន និងយុវជន។
ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានជម្រាបជូនសម្ដេចតេជោ ពីគោលបំណងជំរុញទំនាក់ទំនងរវាងនីតិប្រតិបត្តិជំរុញការអនុវត្តអនុស្សារណៈដែលបានចុះរួចហើយ និងស្វែងរកសក្តានុពលបន្ថែមទៀតជាមួយការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភានៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ។
ជាការឆ្លើយតប សម្ដេចតេជោ បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ Shiha Ali Gizi Gafarova និងបានសំដែងការគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ៕អត្ថបទ៖ មុត សុទ្ធ