ភ្នំពេញ ៖ ជាថ្មីម្តងទៀត ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ខែវិច្ឆិកានេះ បានក្រើនរម្លឹកដល់អ្នកបើកបរដឹកកម្មករទៅបំពេញការងារត្រូវបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។
ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមវេជ្ជបណ្ឌិត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី“ការបណ្តុះបណ្តាល អំពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាពដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅកម្ពុជា ដំណាក់កាលទី២” ដែលបានរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងក្រុមហ៊ុនសាជីវកម្មវីអេហ្វ (VF Corporation) ស្ថិតនៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari) រាជធានីភ្នំពេញ។
ឯកឧត្តមវេជ្ជបណ្ឌិតបន្តថា ការរៀបចំសិក្ខាសាលានេះ មានសារៈសំខាន់ណាស់ ដើម្បីជំរុញការយល់ដឹងបន្ថែមដល់អ្នកបើកបរ និងជាពិសេសការប្រើប្រាស់កម្មវិធីEco Safe Driving App។
លោកស្រី មើរ៉ាម ស៊ីឌីក (Mirjam Sidik), នាយិការប្រតិបត្តិនៃអង្គការមូលនិធិបង្ការរបួសអាស៊ី បានឱ្យដឹងថាដែរថា កម្មវិធី Eco Safe Driving App បង្កើតឡើងក្នុងបំណងធ្វើឱ្យប្រសើរឡើងនូវឥរិយាបថរបស់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង កាន់តែប្រសើរឡើង និងលើកទឹកចិត្តឱ្យពួកគេប្រើប្រាស់មធ្យោបាយរថយន្តដឹកជញ្ជូន រួមប្រកបដោយសុវត្ថិភាពប្រសើរឡើង និងឱ្យមានការវាស់វែង នៃការសន្សំសំចៃប្រេងឱ្យបានត្រឹមត្រូវ និងលទ្ធផលលើឥរិយាបថនៃការបើកបរ ដោយបានវាយតម្លៃតាមរយៈការវាស់វែងពីកម្មវិធី អេប (App)នេះ។
កម្មវិធី Eco Safe Driving App តាមដានការបើកបរតាមរយៈការតភ្ជាប់ប្រព័ន្ធ (GPS) ដើម្បីប្រមូលនូវទិន្នន័យអំពីការប្រើប្រាស់ល្បឿន កុងទ័រល្បឿន និងបេ្រង ចម្ងាយផ្លូវនៃការធ្វើដំណើរ ការគត់ត្រាបរិមាណនៃការចាក់ប្រេងឥន្ធនៈ និងការប្រើប្រាស់ ឥរិយាបថប្រកបដោយសុវត្ថិភាពរបស់អ្នកបើកបរម្នាក់ៗទៅតាមតំបន់គោលដៅនីមួយៗ ដើម្បីធ្វើការកែលម្អ៕ អត្ថបទ៖ទូច សោភ័ណ







