ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានប្រកាសថា បើបងប្អូនប្រជាពលរដ្ឋដែលគ្មានសិទ្ធិចេញក្រៅ ហើយនៅតែបំពានវិធានការនោះអាជ្ញាធរនឹងឃាត់ខ្លួន ដើម្បីអនុវត្តច្បាប់។
ខណៈដែលមូលដ្ឋានរាជធានីភ្នំពេញកំពុងអនុវត្តវិធានការបិទខ្ទប់ រដ្ឋបាលរាជធានីមើលឃើញថា នៅមានពលរដ្ឋមួយចំនួនបានចេញធ្វើចរាចរណ៍ដោយមិនមានភាពចាំបាច់ ដូច្នេះអាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ឡើយ ពោលគឺនៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិ ឬគ្មានឯកសារក្នុងការអនុញ្ញាតធ្វើដំណើរទេនោះ អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តទៅតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ ខណៈដែលឯកឧត្ដម និងអភិបាលរងរាជធានីភ្នំពេញ ចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ត្រង់ចំណុចគោលដៅស្ពានក្បាលថ្នល់ ដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ និងជាហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យកម្លាំងសមត្ថកិច្ច និងបានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើការបកក្រោយ ហើយប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់។ ឯកឧត្តមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




