រុស្ស៊ី៖ វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ វិច្ឆិកា បានទាត់ចោលការចោទប្រកាន់ដែលថា ការវាយប្រហាររបស់ខ្លួនដាក់គោលដៅលើបណ្ដាញផ្គត់ផ្គង់អគ្គិសនីរបស់អ៊ុយក្រែន ប៉ុន្តែបាននិយាយថា ទីក្រុង Kyiv អាចបញ្ចប់ការរងទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ដោយបំពេញតាមការទាមទាររបស់រុស្ស៊ីក្នុងការដោះស្រាយជម្លោះនេះ។

ការបាញ់ផ្លោងមីស៊ីលដដែលៗទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ទូទាំងអ៊ុយក្រែនកាលពីប៉ុន្មានសប្ដាហ៍មុន បានបង្ខំឲ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ គ្មានទឹកស្អាត ឬគ្មានម៉ាស៊ីនកំដៅរយៈពេលច្រើនម៉ោង ឬច្រើនថ្ងៃ ស្របពេលសីតុណ្ហភាពត្រជាក់នៅខាងក្រៅបានធ្លាក់ចុះទាបជាងកម្រិតមធ្យម។ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកសារព័ត៌មានថា ពុំមានការវាយប្រហារដាក់គោលដៅលើសង្គមឡើយ ហើយក៏ពុំបានផ្ដោតជាពិសេសណាមួយដែរ។
លោកថា គោលដៅនានាដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលចំពោះយោធាគឺជាមុខព្រួញនៃការវាយប្រហាររបស់យើង។ លោក Peskov ត្រូវបានសួរថា តើការរងទុក្ខរបស់ជនស៊ីវិលអ៊ុយក្រែន អាចផ្សះផ្សាជាមួយគោលជំហររបស់លោកប្រធានាធិបតី Vladimir Putin ដោយរបៀបណា។ លោក Putin ធ្លាប់បាននិយាយហើយថា រុស្ស៊ីគ្មានបំណងបំផ្លាញអ៊ុយក្រែន ឬប្រជាពលរដ្ឋរបស់ប្រទេសនេះដែរ៕
អត្ថបទ៖ សុខមាន