បាល់ទាត់៖ ក្រុមជើងឯកបាល់ទាត់ពិភពលោក ៥សម័យសាំបាប្រេស៊ីលបានចាប់ផ្តើមដំណើរស្វែងរកជើងឯកទី៦ របស់ខ្លួនបានយ៉ាងល្អជាមួយនឹងជ័យជំនះ ២-០ លើក្រុមអឺរ៉ុបស៊ែបនៅក្នុងពូល G។

ក្រុមអឺរ៉ុបស៊ែបបានធ្វើឱ្យប្រេស៊ីលតឹងចិត្តនៅវគ្គទី១ ដោយរារាំងឱកាសជាច្រើនរបស់ប្រេស៊ីលដែលធ្វើមិនបានសំរេចនៅមុខទី។ ក្រុមរបស់លោក Tite ត្រូវរង់ចាំដល់ ៤៥នាទីវគ្គទី២ ទើបអាចរកគ្រាប់បាល់បាននៅនាទីទី៦២ ដោយខ្សែប្រយុទ្ធ Spurs, Richarlison។ ចង្វាក់ប្រយុទ្ធរបស់ប្រេស៊ីលកាន់តែល្អ រហូតរកបានគ្រាប់ធានាបីពិន្ទុបានសំរេចនៅនាទីទី៧៣ តាមរយៈការប៉ះបញ្ជូនរបស់ខ្សែប្រយុទ្ធ Real Madrid, Vinicius Junior យ៉ាងល្អទៅកាន់ Richarlison ស៊ុតគ្រាប់បាល់យ៉ាងអស្ចារ្យ និងអាចនិយាយបានថា ជាគ្រាប់អស្ចារ្យបំផុតប្រចាំព្រឹត្តិការណ៍។
យ៉ាងណាក្តីប្រេស៊ីលក៏មានក្តីបារម្ភចំពោះមុខដែរគឺខ្សែប្រយុទ្ធ PSG, Neymar បានរងរបួសកជើង និងត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី៧៩។ គេមិនទាន់ដឹងថា របួសក៏ជើងនេះធ្ងន់កម្រិតណាឡើយ ខណៈការស្កេនពិនិត្យមើលធ្វើឡើងនៅថ្ងៃនេះ។ បីពិន្ទុនេះធ្វើឱ្យប្រេស៊ីលឈរលើគេបណ្តោះអាសន្នមាន ៣ពិន្ទុស្មើជាមួយស្វីស។ ប្រកួតបន្ទាប់ប្រេស៊ីលត្រូវជួបស្វីស ខណៈស៊ែបជួបកាមេរូននៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ