អ៊ីរ៉ង់៖ យោងតាមប្រមុខឧត្ដមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Turk ប្រទេសអ៊ីរ៉ង់កំពុងធ្លាក់ក្នុងវិបត្តិសិទ្ធិមនុស្សពេញបន្ទុក ខណៈក្រុមអាជ្ញាធរបានបង្ក្រាបលើក្រុមអ្នកប្រឆាំងនឹងរបបនេះ។

លោក Turk បានអំពាវនាវឲ្យមានដំណើរការស៊ើបអង្កេតប្រកបដោយឯករាជ្យ មិនលម្អៀង និងតម្លាភាពក្នុងករណីរំលោភសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់ អំឡុងសម័យប្រជុំពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។ សាធារណរដ្ឋអ៊ីស្លាមមួយនេះបានគ្របដណ្ដប់ ដោយរលកនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលបង្កឡើងដោយសារការស្លាប់ស្ត្រីវ័យក្មេងជនជាតិឃឺដអ៊ីរ៉ង់វ័យ ២២ឆ្នាំ នាង Mahsa Amini ដែលត្រូវបានឃាត់ខ្លួនដោយនគរបាលសីលធម៌កាលពីខែកញ្ញា ពីបទប្រើក្រណាត់គ្របក្បាលពុំបានត្រឹមត្រូវ។
លោក Turk បានប្រាប់រដ្ឋជាសមាជិកក្រុមប្រឹក្សា ៤៧ប្រទេសក្នុងទីក្រុងហ្សឺណែវថា កងកម្លាំងសន្តិសុខត្រូវបានរាយការណ៍ថា បានឆ្លើយតបការតវ៉ាដោយការប្រើអាវុធប្រឆាំងនឹងក្រុមអ្នកតវ៉ាគ្មានអាវុធក្នុងដៃ និងក្រុមអ្នកឈរមើលហេតុការណ៍ដែលពុំបានបង្កការគំរាមអ្វីសោះ។ យោងតាមលោក Turk មនុស្សជាង ១៤.០០០នាក់រួមទាំងកុមារត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ា។ លោកថា បច្ចុប្បន្នមនុស្សយ៉ាងហោចណាស់ ១២នាក់ប្រឈមការកាត់ទោសប្រហារជីវិត និង ៦នាក់បានទទួលទោសប្រហារជីវិតរួចទៅហើយ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សនិយាយថា មនុស្សយ៉ាងហោចណាស់ ៣២៦នាក់បានស្លាប់ក្នុងការតវ៉ានៅអ៊ីរ៉ង់៕
អត្ថបទ៖ សុខមាន