ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា ការប្រមូលចំណូលចូលថវិកាជាតិឆ្នាំ ២០២៣ របស់រាជរដ្ឋាភិបាល នឹងសម្រេចបានតាមផែនការគ្រោងទុក ខណៈវិស័យក្នុងស្រុកជាច្រើន អាចបន្តលទ្ធភាពដល់ការប្រមូលចំណូល ។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្របខណ្ឌគោលនយោបាយឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ដែលបានរៀបចំឡើង គឺឈរលើមូលដ្ឋាននៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការដាក់ចេញនូវយុទ្ធសាស្រ្ត ផែនការជាច្រើន ដើម្បីធ្វើឲ្យសម្រេចគោលបំណង ជាពិសេសប្រសិទ្ធភាពនៃការប្រមូលចំណូលចូលថវិកាជាតិ។
ឯកឧត្តមបណ្ឌិត នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងបង្កើនចំណូលថវិការដ្ឋខ្ពស់ជាងឆ្នាំ ២០២២ នេះ ទោះបីការបង្កើនខ្ពស់ក៏ដោយ រាជរដ្ឋាភិបាលនឹងអាចសម្រេចការប្រមូលចំណូលបានតាមការគ្រោងទុក ខណៈវិស័យក្នុងស្រុកជាច្រើន អាចបន្តលទ្ធភាពដល់ការប្រមូលចំណូលជូនរដ្ឋ ជាពិសេសអាជីវកម្មជាច្រើន ដែលមិនទាន់បានបង់ពន្ធ ប្រសិនវិស័យទាំងនេះចូលមកក្នុងប្រព័ន្ធ ហើយក្រុមហ៊ុន រោងចក្រ សហគ្រាស អាចប្រកួតប្រជែងគ្នា ប្រកបដោយយុត្តិធម៌ និងបរិយាបន្ន។
សូមបញ្ជាក់ថា យោងតាមសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងប្រមាណជាង ២២ ភាគរយ នៃផសស, មានកំណើនជាង ១៤ ភាគរយ ធៀបនឹងច្បាប់ឆ្នាំ ២០២២ ។ ចំណែកការចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ ក៏ត្រូវបានគ្រោង ស្មើជិត ៣០ នៃ ផសស, មានកំណើន ១៣ ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២២៕អត្ថបទ៖ សុន រ៉ាឌី