ភ្នំពេញ ៖ មន្ត្រីនគរបាលផ្កាយ២ម្នាក់ និងកូនចៅ២នាក់ ដែលពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផឹកស៊ីរាំរែក និងលេងប៉ាតម្សៅ ដោយមានការចូលរួមពីអ្នកផ្ទះជួលប្រមាណ ៣០ ទៅ៤០នាក់ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានបញ្ចូនទៅដល់តុលាការហើយនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីតុលាការបន្តនីតិវិធីច្បាប់ ។
សំណុំរឿង ជនទាំង៣ ត្រូវស្ថិតក្រោមការសាកសួរនាំ ពីសំណាក់ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ។
គួររំលឹកថា នៅព្រឹកថ្ងៃទី១៧ ខែឆ្នាំដដែល គេសង្គេតឃើញ ក្រុមគ្រូពេទ្យបានចុះទៅដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ ដើម្បីធ្វើសំណាកលើមន្ត្រីនគរបាលផ្កាយ២ និងកូនចៅផងដែរ ដើម្បីតេស្តរកមេរោគកូវីដ១៩ មុនបញ្ចូនទៅតុលាការ ។
សូមបញ្ជាក់ថា ជនទាំង៣នាក់ មានឈ្មោះ ទី១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ជាមន្ត្រីនគរបាល មានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ មុខងារជាអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ , ទី២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និងទី៣ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក ។
ពួកគេទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន ក្រោយពួកគេបានរៀបចំកម្មវិធីផឹកស៊ីរាំរែក និងលេងប៉ាតម្សៅ ដោយមានការចូលរួមពីអ្នកផ្ទះជួលប្រមាណ ៣០ ទៅ៤០នាក់ កាលពីវេលាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន អោយដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងរហូតមានការឡាយតាមហ្វេសបុកទៀតនោះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដោយមានការសហការចូលរួមពីកម្លាំងនគរបាលអន្តរាគមន៍ នៃអគ្គស្នងការ បានចុះទៅជាបន្ទាន់ ទៅដល់លំនៅឋានជនដែលបំពានបំរាមរាជរដ្ឋាភិបាលខាងលើ ដើម្បីមានវិធានការ ។ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ពិតជាឃើញមានការជួបជុំផឹកស៊ីរាំរែក និងប៉ាតម្សៅប្រាកដមែន ទើបកម្លាំងនគរបាលធ្វើការឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះមានម្ចាស់ផ្ទះម្នាក់ និងអ្នកនៅជាមួយ២នាក់ទៀត ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់ ។
តាមប្រភពពីមន្ត្រីនគរបាល អោយដឹងថា ការចុះបន្ទាន់ ក្នុងការឃាត់មនុស្ស និងបញ្ឈប់កម្មវិធីផឹកស៊ីខាងលើ គឺធ្វើឡើង ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ ពិសេសនោះ គឺអនុវត្តអោយមានប្រសិទ្ធិភាព តាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានការហាមប្រាមមិនអោយមានការជួបជុំផឹកស៊ី ក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងជួបការលំបាក ជាមួយនឹងជំងឺកូវីដ១៩ ៕អត្ថបទ៖ លីហេង





