អ៊ុយក្រែន៖ មន្ត្រីនៅទីក្រុង Kyiv និងទីក្រុងមូស្គូបាននិយាយថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានអនុវត្តការដោះដូរឈ្លើយសឹកសង្គ្រាមជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយភាគីទាំងពីរបានប្រគល់មនុស្សចំនួន ៥០នាក់។

វីដេអូដែលចេញផ្សាយដោយទីបញ្ជាការសម្របសម្រួល សម្រាប់ការអនុវត្តន៍ចំពោះឈ្លើយសឹកសង្គ្រាមបានបង្ហាញ ពីមនុស្សមួយក្រុមដើរតាមដងផ្លូវដែលរងការខូចខាតក្នុងប្រទេសអ៊ុយក្រែន ខណៈដែលគេឮអ្នកមួយចំនួននិយាយថា «ជោគជ័យអ៊ុយក្រែន»។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីកាលបរិច្ឆេទដែលវីដេអូ និងទីតាំងត្រូវបានថតនោះទេ។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អ៊ុយក្រែនបានដោះលែងទាហានរុស្ស៊ី ៥០នាក់ដែលត្រូវបានចាប់ខ្លួន។ លោក Andriy Yermak ប្រធានរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅលើបណ្ដាញ Telegram ថា អ៊ុយក្រែនបានទទួលទាហាន ៤៨នាក់ និងមន្ត្រីពីរនាក់ដែលក្នុងនោះមានទាហានម៉ារីនទាហានថ្មើរជើងឆ្មាំព្រំដែន និងសមាជិកការពារទឹកដី។
លោក Yermak និយាយថា យើងបានរៀបចំដើម្បីនាំយកអ្នកការពារទីក្រុង Mariupol ១៩នាក់មកវិញ ព្រមទាំងឈ្លើយសឹកសង្គ្រាម ១៥នាក់ពីរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl និង ៧នាក់មកពីកោះ Zmiiny។ លោក Denis Pushilin ប្រធានផ្នែកនៃតំបន់ Donetsk របស់អ៊ុយក្រែនគាំទ្រដោយទីក្រុងមូស្គូ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីបាននិយាយថា ការដោះដូរឈ្លើយសឹកជាមួយទីក្រុង Kyiv បានធ្វើឡើងដោយមានអ្នកទោស ៥០នាក់នៅភាគីទាំងសងខាង។ រហូតមកដល់ពេលនេះទីក្រុង Kyiv និងទីក្រុងមូស្គូបានដោះដូរឈ្លើយសឹកសង្គ្រាមជាង ១,០០០នាក់ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅអ៊ុយក្រែនក្នុងខែកុម្ភៈ៕
អត្ថបទ៖ ប៊ុនថន