បាល់ទាត់៖ គ្មានក្រុមណាអាចបំប៉ោងសំណាញ់បានឡើយរវាងក្រុមបាល់ទាត់កូរ៉េ និងអ៊ុយរូហ្កាយនៃជំនួបក្នុងពូល H នៅ World Cup 2022 កាតា។ ក្រោមក្រសែភ្នែកទស្សនិជនពេញកីឡដ្ឋាន Education City Stadium កូរ៉េត្រូវបានអ៊ុយរូហ្កាយបិទជាប់ បើទោះជាបានបង្កើតឱកាស និងគ្រប់គ្រងបាល់បានច្រើនជាងក្រុមជើងឯកពិភពលោក ២សម័យក៏ដោយ។

ឱកាសល្អបំផុតរបស់កូរ៉េគឺ Hwang Ui-jo មានឱកាសស៊ុតនៅមុខទីរបស់អ៊ុយរូហ្កាយតែបានត្រឹមរំលងរបាទី មុនពេលដែល Diego Godin មានឱកាសតែតឱ្យអ៊ុយរូហ្កាយនាំមុខដែរតែបុកបង្គោលទី។ វគ្គទី២ ក្រុមទាំងពីរមានឱកាសវាយសម្រុកគ្នាទៅវិញទៅមក ហើយអ៊ុយរូហ្កាយស្ទើតែរកបានគ្រាប់នាំមុខទៅហើយ តែឱកាសរបស់ខ្សែប្រយុទ្ធ Real Madrid, Federico Valverde ស៊ុតពីចំងាយបុកបង្គោលទី។
ចុងក្រោយបំផុតខ្សែប្រយុទ្ធ Spurs, Heung-min Son មានឱកាសដែរតែស៊ុតមិនចំគោលដៅ ធ្វើឱ្យអ្នកគាំទ្រអ៊ុយរូហ្កាយធូរទ្រូង។ លទ្ធផលនេះធ្វើឱ្យក្រុមទាំងពីរចែកពិន្ទុគ្នាមាន ១ពិន្ទុដូចគ្នាឈរលេខ២ និងលេខ៣ ខណៈព័រទុយហ្កាយមានបីពិន្ទុលើគេ។ ប្រកួតបន្ទាប់ក្នុងពូល H នេះកូរ៉េត្រូវជួបហ្កាណា ឯអ៊ុយរូហ្កាយជួបព័រទុយហ្កាល់៕
អត្ថបទ៖នាង សុភាវុធ