ភ្នំពេញ៖ ខណៈជំងឺកូវីដ-១៩ នៅបន្តកើតមានឡើងក្នុងពិភពលោក មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានក្រើនរម្លឹកប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេសក្នុងឱកាសពិធីបុណ្យChristma និងថ្ងៃឈប់សម្រាកឆ្លងឆ្នាំសាកល។
មានប្រសាសន៍ប្រាប់BTV នៅទី២៥ខែវិច្ឆិកានេះ លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងថា បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូស្រាលក្តី តែប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសនោះទេ ព្រោះថាជំងឺកូវីដ-១៩ នៅបន្តបំប្លែងខ្លួនថ្មីៗជាប់ជានិច្ច ខណៈបណ្តាប្រទេសក្នុងសាកលលោកនៅតែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ។
ក្នុងឱកាសពិធីបុណ្យ Christma និងពេលឈប់សម្រាកក្នុងឱកាសឆ្លងឆ្នាំសាកល២០២៣ ដែលឈានចូលមកដល់ក្នុងពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល៣ការពារឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ ធានាបាននូវនិរន៍ភាពនៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីបានយូរអង្វែង។
ការប្រារព្ធបុណ្យណូអែល ឫហៅថា Christma បានចាប់ផ្តើមដំបូងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីប្រហែលឆ្នាំ ៣៣៦នៃគ្រិស្តសករាជ។ បន្ទាប់មកវាធ្វើឡើងនៅប្រទេសប្រទេសអាល្លឺម៉ង់ ហើយបានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃពិភពលោក ជាពិសេសប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្នបុណ្យនេះ ក៏បានសាយភាយនៅអាស៊ី និងជ្រៀតចូលក្នុងប្រទេសកម្ពុជាផងដែរ។
ពិធីបុណ្យគ្រីស្មាស់ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ខែធ្នូ ជារៀរាល់ឆ្នាំ ដើម្បីរំលឹកដល់ការចាប់កំណើតរបស់ព្រះយេស៊ូ ប៉ុន្តែការប្រារព្ធពិធីនេះ គ្រាន់តែជាជំនឿតៗគ្នា ដោយមិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់លាស់នោះទេ៕ អត្ថបទ៖ ទូច សោភ័ណ
