ព្រះវិហារ៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិស ភូមិភាគទី៤ និងទី៥ នៅថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញនេះ បានអញ្ជើញក្នុងពិធីបើកវគ្គបំប៉ន មុខជំនាញ បញ្ជាការ សេនាធិការ វរសេនាតូចនគរបាលការពារព្រំដែន គោក-ទឹក និងវរសេនាតូចនគរ បាលអន្តរាគមន៍ជាច្រើននាក់ នៅខេត្តព្រះវិហារ។
ថ្លែងនៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ឯកឧត្តម សូមគាំទ្រទាំងស្រុង ចំពោះការផ្តល់វគ្គបណ្តុះបណ្តាលបន្ថែម ដល់នគរបាលការពារព្រំដែន ដើម្បីឲ្យពួកគេទទួលបាននូវចំណេះដឹងជំនាញថ្មីបន្ថែមទៀត ក្នុងគោលបំណងបម្រើឲ្យកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រកបដោយប្រសិទ្ធភាពនោះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានជំរុញលើការងារលើកកម្ពស់សមត្ថភាពកងកម្លាំង នគរបាលការពារព្រំដែនជាប់ជាប្រចាំ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃការរីកចំរើនរបស់ប្រទេសជាតិ ជាពិសេសស្របតាមគោលការណ៍ដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់អគ្គស្នការដ្ឋាននគរបាល ជាតិ ដែលយកចិត្តទុកដាក់គិតគូរដល់ការធ្វើកំណែទម្រង់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់នោះ។
ជាមួយគ្នានោះដែរ ឯកឧត្តម ខេង សុមេធ ក៏បានធ្វើការក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ដែល បានចូលរួមនូវវគ្គបណ្តុះបណ្តាលនេះ គប្បីត្រូវប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជានានារបស់សាលាហ្វឹកហ្វឺន ជាពិសេសត្រូវមានឥរិយាបថល្អ សេចក្តីថ្លៃថ្នូរ ស័ក្ដិសមជាកងកម្លាំងឯកភាព សំដៅលើកកម្ពស់កិត្តិយស និងកិត្យានុភាព របស់កងកម្លាំងនគរបាលជាតិយើងផងដែរ។
ឯកឧត្តម ក៏បានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដា ខិតខំក្រេបជញ្ជក់ នូវមុខវិជ្ជាដែលក្រុមគ្រូបង្វឹកបានបង្ហាត់បង្រៀននេះ ទៅតាមកម្មវិធី ដែលគ្រោងទុក ដើម្បីបង្កើនសមត្ថភាព និងបំពេញតួនាទី ភារកិច្ចប្រកបដោយវិជ្ជាជីវៈផងដែរ។
យ៉ាងណាក៏ដោយនៅក្នុងកម្មវិធីនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់សិក្ខាកាម ទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕




