
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៦៧ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃម្សិលមិញនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះ កើនឡើងដល់ ៣៩នាក់ហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសវ័យ ៦៧ឆ្នាំដែលរស់នៅខេត្តព្រះសីហនុ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តនេះកាលពីល្ងាចថ្ងៃទី១៤ ខែមេសា ជាមួយស្ថានភាពក្ដៅខ្លួន និងហត់ដង្ហក់ខ្លាំង។
បើតាមក្រសួងសុខាភិបាល លទ្ធផលពិនិត្យសំណាករបស់បុរសនេះដែលចេញនៅថ្ងៃ១៤ ខែមេសានោះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។
ក្រសួងបញ្ជាក់ថា បុរសខ្មែររូបនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមដែលបណ្ដាលមកពីការរលាកសួតដែលបង្កឡើងដោយមេរោគកូវីដ១៩។
គិតមកដល់ថ្ងៃនេះ តួលេខផ្លូវការនៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ៣៩នាក់ហើយគិតចាប់តាំងពីពេលដែលកម្ពុជាបានប្រកាសករណីស្លាប់លើកដំបូងដោយសារកូវីដ១៩នេះកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕
