បាល់ទាត់៖ ក្រុមស្វ៊ីសបានចាប់ផ្តើម World Cup 2022 របស់ខ្លួនជាមួយនឹងជ័យជំនះ ១-០ លើក្រុមមកពីទ្វីបអាហ្វ្រិកកាមេរូន ១-០ នៅក្នុងពូល G។ គ្រាប់បាល់ជ័យជំនះរបស់ស្វ៊ីសសម្រេចបានដោយខ្សែប្រយុទ្ធ Monaco, Breel Embolo នៅនាទីទី៤៨ តែមិនមានការអបអរសាទរគ្រាប់បាល់របស់ខ្លួនឡើយ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះមានដើមកំណើតនៅទឹកដីកាមេរូន តែក៏បានផ្លាស់មករស់នៅទឹកដីស្វ៊ីសតាំងពីអាយុ ៦ឆ្នាំជាមួយក្រុមគ្រួសារ និងទទួលបានសញ្ជាតិស្វ៊ីសនៅឆ្នាំ២០១៤។ នេះជាបីពិន្ទុដ៏មានសារសំខាន់សម្រាប់ស្វ៊ីសនៅក្នុងពូល G នេះ ខណៈដែលគ្រូបង្វឹកស្វ៊ីសលោក Murat Yakin ធ្លាប់បានប្រាប់ Embolo មុនការប្រកួតថាមិត្តភាពគឺមិត្តភាព តែការប្រកួតពួកគេគឺជាគូប្រកួតរបស់យើង ហើយក្រោយចប់ការប្រកួតលោក Yakin បានបង្ហាញអារម្មណ៍រីករាយដែល Embolo ធ្វើបាន។
ចំណែកគ្រូបង្វឹកកាមេរូនលោក Rigobert Song បាននិយាយក្រោយចប់ការប្រកួតផងដែរថា លោកចង់បាន Embolo មករួមក្រុមណាស់ តែថ្វីបើចាញ់លោកពិតជាមានមោទនភាពចំពោះ Embolo និងចំពោះប្រជាជនកាមេរូនផងដែរ ចំពោះកាយវិការដ៏ល្អ និងគួរឱ្យគោរពរបស់ Embolo នៅចំពោះមុខអ្នកគាំទ្រក្រុមទាំងសងខាង៕
អត្ថបទ៖នាង សុភាវុធ