ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ការធ្វើពិពិធកម្មទំនិញសម្រាប់នាំចេញ និងទីផ្សារ មានសារៈសំខាន់សម្រាប់រក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងកាត់បន្ថយហានិភ័យពីកត្តាខាងក្រៅ។
នេះជាការលើកឡើងរបស់សេដ្ឋកិច្ចវិទូ និងស្រាវជ្រាវ បានជួបប្រជុំគ្នាក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ស្តីពី "ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញនិងភាពធន់ក្រោយកូវីដ-១៩ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
លោក ស៊ាន មនោរិទ្ធ សេដ្ឋកិច្ចវិទូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ជាទូទៅមានមូលដ្ឋានសេដ្ឋកិច្ចតូចជាង ជាមួយនឹងផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ដែលមានពិពិធកម្មសេដ្ឋកិច្ចធំជាង។ ដូច្នេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកត្តាហានិភ័យខាងក្រៅ។
សេដ្ឋកិច្ចវិទូដដែល លើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការនាំចេញរបស់ប្រទេសបានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងពីនិន្នាការដែលកំពុងរីកចម្រើននៅក្នុងវិស័យផលិតកម្ម។ផលិតផលវាយនភណ្ឌបានក្លាយទៅជាកន្លែងឈរជើងដ៏យូរអង្វែងនៃការនាំចេញរបស់ប្រទេស ដែលស្មើនឹងជាង ៧០ភាគរយនៃការនាំចេញរបស់ប្រទេស។
បើតាមសេដ្ឋកិច្ចវិទូ បញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលនៅសេសសល់ ក្នុងចំណោមបញ្ហាជាច្រើនទៀត គឺការចំណាយខ្ពស់ក្នុងការធ្វើអាជីវកម្ម ពលកម្មជំនាញទាប បរិយាកាសធុរកិច្ចមិនល្អ ដែលរារាំងទំនាក់ទំនងរវាង FDI និងក្រុមហ៊ុនក្នុងស្រុក និងការទទួលយកឌីជីថលទាប ។
បញ្ហាទាំងនេះ គួរត្រូវបានលើកឡើង និងដោះស្រាយ ដើម្បីធានាបានពីពីការធ្វើពិពិធកម្មទំនិញ និងទីផ្សាររបស់កម្ពុជា សំដៅដល់កំណើនសេដ្ឋកិច្ច មានចីរភា និងភាពធន់។ ដើម្បីពន្លឿន និងកសាងមាគ៌ានៃកំណើនមានភាពធន់ ជាពិសេសនៅក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ បញ្ហាប្រឈមរ៉ាំរ៉ៃទាំងនេះគួរត្រូវបានដោះស្រាយតាមពហុវិស័យ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងក្នុងពិធីបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ចថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំនៅពេលនេះ បានផ្ដោតលើ “បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” នៅពេលនោះលទ្ធផលស្រាវជ្រាវ និងអនុសាសន៍ជាច្រើនត្រូវបានផ្ដល់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលសក្តានុពលរបស់វិស័យនេះក្នុងការជួយស្ដារកំណើនឡើងវិញ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕ អត្ថបទ៖ វណ្ណៈ
