ភ្នំពេញ ៖ ដើម្បីលើកកម្ពស់ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែវិច្ឆកា ២០២២នេះ កាកបាទក្រហមកម្ពុជា បានបើកវគ្គបំប៉ន ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅដល់សាខាទាំង២៥ រាជធានី-ខេត្ត ដែលធ្វើឡើងនៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ ក្រោមអធិបតីភាពលោក ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងមន្រ្តីជំនាញធ្វើបទបង្ហាញអញ្ជើញមកពី អគ្គស្នងការនរគបាលចរាចរណ៍ផ្លូវគោក និង ក្រសួងសាធារណៈការនិងដឹកជញ្ជូន។
ថ្លែងក្នុងឱកាសបើកវគ្គបំប៉ន ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា ដល់ប្រធានក្រុមការងារ ទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កក្រក ដែលតែងតែឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ទាំងកម្លាំងកាយ កម្លាំងចិត្ត ជាមួយមន្ដ្រីក្រុមប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្ត កក្រក ក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះនាយក នាយិកាសាខា មន្ត្រីទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ កក្រក ទាំង២៥ រាជធានី ខេត្ត ដែលបានចំណាយពេលវេលា និងមានឆន្ទៈខ្ពស់ មកចូលរួមវគ្គបណ្តុះបណ្តាល ជនបង្គោលសុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ។ លោកជំទាវបានឱ្យដឹងថានេះជាលើកទី១ហើយ ដែលថ្នាក់កណ្តាលបានបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ជូន សាខា កក្រក ទាំង២៥រាជធានី ខេត្ត ដែលនេះគឺជារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងអនុវត្តផែនការជាតិទសវត្សរ៍ សុវត្ថិភាពចរាចរណ៍ឆ្នាំ ២០២១-២០៣០ ដើម្បីកាត់បន្ថយអត្រាស្លាប់ របួសនិងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%នៅឆ្នាំ២០៣០។
ក្នុងឆ្នាំ២០២២នេះ បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ បានបង្ហាញថា ក្នុងឆមាសទី១ឆ្នាំ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍កើន៣០% មានអ្នកស្លាប់៩៤២នាក់ និងមានអ្នករបួស ១៤២៩នាក់ ក្នុងនោះស្លាប់ជាអ្នកប្រើប្រាស់ម៉ូតូមាន៨១% ស្មើនឹង៧៥៩នាក់ នៃអ្នកស្លាប់សរុប ៩៤២នាក់។ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពការមិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនប្រកាន់ស្តាំ ងងុយ ប្រើប្រាស់ទូរស័ព្ទពេលបើកបរជាដើម។ល។
លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ដើម្បីជាទុននិងទុកជាចំណេះដឹងថ្មីបន្ថែម សម្រាប់សាខាទាំងអស់ ការរៀនសូត្រថ្ងៃនេះគឺ ជាការក្រើនរំលឹកទុកជាខ្លឹមសារ ជំនួយស្មារតី សម្រាប់ធ្វើផែនការបណ្តុះបណ្តាល សុវត្ថិភាពចរាចរណ៍ជូនយុវជន អ្នកស្ម័គ្រចិត្ត កក្រក និងធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យមានក្រមសីលធម៌ក្នុងការប្រើប្រាស់ផ្លូវ កត្តាគួរធ្វើ និងកត្តាមិនគួរធ្វើ ពេលបើកបរ ដើម្បីបង្ការនិងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរ ពីឃាតករលាក់មុខមួយនេះ។
ក្នុងឱកាសនោះឃើញថាសិក្ខាកាម ដែលជាមន្រ្តីថ្នាក់ដឹកនាំសាខា កក្រក ទាំង២៥ រាជធានី-ខេត្ត បានខិតខំស្តាប់ គ្រូឧទេសន៍ ដែលបានធ្វើបទបង្ហាញពីប្រធានទបថ្មីក្នុងថ្ងៃនេះ ដើម្បីយកទៅផ្សព្វផ្សាយបន្ត នៅតាមសាខានិងសហគម៕ អត្ថបទ ៖ សំងីម







