ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញប្រជុំត្រៀមរៀបចំកិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលនឹងមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានមានជាង៣០ទីក្រុងធំៗចូលរួម។
នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំពិនិត្យលើការងារ ដើម្បីរៀបចំឲ្យបានរួចរាល់មុនកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលហៅថា MGMAC 2022 និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ ដែលហៅថា ASEAN MAYORS FORUM 2022 ដែលចាប់ផ្តើមនៅថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ហើយរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
តាមការបញ្ជាក់របស់លេខាធិការដ្ឋាននៃកិច្ចប្រជុំខាងលើមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានមានជាង៣០ទីក្រុងធំៗចូលរួម ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ ភ្នំពេញរៀបចំក្នុងកម្រិតតូចជាងកិច្ចប្រជុំអន្តរសភាអាស៊ាន តែយកទម្រង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះនៅខេត្តសៀមរាប។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចកិច្ចប្រជុំកំពូលពាក់ពន្ធ័ដែរ ព្រោះយើងមានបទពិសោធន៍ធ្វើបានល្អរួចមកហើយ។ ចំពោះវេទិការអភិបាលក្រុងអាស៊ានឆ្នាំ២០២២នេះ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មី តាមគោលការណ៍អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ វេទិកានេះ គឺសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តន៍ល្អៗ ក៏ដូចជាទស្សនៈនានាសម្រាប់ការកសាងសហគមន៍អាស៊ាន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








