ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំអាយប៉ានៅកម្ពុជា ឯឧ សាយ សំផនភូមិវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលជួបសវនាការនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី២៥វិច្ឆិកានេះផងដែរ។
ឯកឧត្ដម សាយ សំផនភូមិវិហាន បាន សូមគោរពសម្ដែងនូវការអបអរសាទរ ចំពោះការរីកចម្រើនរបស់កម្ពុជាការទប់ស្កាត់ជំងឺកូវីដ១៩បានយ៉ាងជោគជ័យ ជាពិសេសកម្ពុជាបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានកិច្ចប្រជុំកំពូលពាក់ព័ន្ធនិងកិច្ចប្រជុំ អាយប៉ា ទទួលបានជោគជ័យយ៉ាងធំធេង។
ឯកឧត្តមបានសម្ដែងនូវសេចក្តីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ាលើកទី៤៣ ដែលបានសម្រេច ជំរុញឲ្យមានសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមភូមិវិហានក៏បានសំដែងនូវការពេញចិត្តជាមួយទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានការរីកចម្រើនជាលំដាប់ហើយក៏បានគោរពថ្លែងអំណរគុណក្នុងនាមបក្សនិងក្នុងនាមរដ្ឋជូនចំពោះសម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ថវិកា ផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងរថយន្តដឹកវ៉ាក់សាំងជួយដល់ប្រទេសឡាវទប់ស្កាត់ការរីករាលជំងឺកូវីដ១៩បានយ៉ាងជោគជ័យ។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ភូមិវិហាន ដែលបានមកចូលរួមកិច្ចប្រជុំអាយប៉ាដោយផ្ទាល់ដែលសបញ្ចាំងនូវការគាំទ្រ ដែលធ្វើឲ្យកិច្ចប្រជុំទទួលបានជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមភូមិវិហានអំពីយុទ្ធសាស្ត្រផ្ការីកដែលកម្ពុជាបានដាក់ចុះអនុវត្តក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕



