ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ២នាក់ទៀតបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩កាលពីយប់ថ្ងៃម្សិលមិញ និងថ្ងៃពុធកន្លងមកនេះ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ៤១នាក់ហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលនិយាយថា ស្ត្រីអាយុ ៤៨ឆ្នាំដែលរស់នៅឯខេត្តកំពង់ធំ បានស្លាប់នៅម៉ោង ១០:២០នាទីយប់ថ្ងៃម្សិលមិញនេះ នៅមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យហ្លួងម៉ែ។
ក្រសួងបញ្ជាក់ថា លទ្ធផលពិនិត្យសំណាកស្ត្រីរូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩ ហើយស្ថានភាពសុខភាពរបស់គាត់ហត់ដង្ហក់ខ្លាំង។
ក្រសួងសុខាភិបាលប្រកាសផងដែរថា បុរសជនជាតិខ្មែរម្នាក់ទៀតវ័យ ៧០ឆ្នាំ ដែលរស់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់កាលពីម៉ោង ៤រសៀលថ្ងៃទី១៥ ខែមេសា នៅឯផ្ទះរបស់គាត់ ហើយលទ្ធផលពិនិត្យសំណាកដែលយកពីសពបុរសនេះ បង្ហាញថា រូបគាត់បានឆ្លងមេរោគកូវីដ១៩។
ក្រសួងបញ្ជាក់ថា បុរសរូបនេះមានស្ថានភាពក្ដៅខ្លួន ក្អក និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ នៅមុនពេលទទួលមរណភាព។
គិតមកដល់ថ្ងៃនេះ មនុស្ស ៤១នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ១៩ចាប់តាំងពីពេលដែលករណីស្លាប់ដោយសារជំងឺកូវីដ១៩លើកដំបូង ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕