ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សព្វផ្សាយឱ្យដឹងថា ជារៀងរាល់ឆ្នាំ ពិភពលោកប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលយុទ្ធនាការនេះប្រារព្ធចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ធ្នូ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។
រដ្ឋាភិបាលអូស្រ្តាលី ប្រកាន់ខ្ជាប់នូវសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្រ្តី ដែលនេះជារបៀបវារៈសំខាន់នៃការអភិវឌ្ឍរបស់ខ្លួននៅអូស្រ្តាលី និងតាមរយៈការងារការទូតរបស់ខ្លួននៅក្រៅប្រទេស។
តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) អូស្រ្តាលីបានផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រជាង២ ៦០០នាក់ តាមរយៈការផ្តល់សេវាប្រឹក្សាយោបល់ផ្លូវចិត្ត សេវាផ្នែកច្បាប់ សេវាសង្គម និងការគាំទ្រផ្នែកសេដ្ឋកិច្ច។
ការរួមចំណែករបស់យើងម្នាក់ៗ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ជនរងគ្រោះដែលជាស្រ្តី និងក្មេងស្រី។ ប្រសិនបើអ្នកបានឃើញអំពើហិង្សា សូមកុំនៅស្ងាត់ស្ងៀម សូមនិយាយចេញមក៕
ដោយ៖ គង់ ឌិន