ភ្នំពេញ : ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើផលិតករវ័យក្មេង ដែលមានកម្លាំងថាមពល និងខួរក្បាលល្អប្រសើរ ចូលរួមជួយលើកស្ទួយវិស័យភាពយន្តខ្មែរឲ្យបានរីកចម្រើន ព្រោះថាភាពយន្តក៏ជាមែកធាងមួយនៃវិស័យវប្បធម៌ ហើយភាពយន្តនេះ ក៏មានលទ្ធភាពច្រើនបង្ហាញពីសង្គមរបស់កម្ពុជាយើង។
ការថ្លែងរបស់ឯកឧត្តម ទិត ថាវរិទ្ធ យ៉ាងដូច្នេះក្នុងពិធីបើកមហោស្រពភាពយន្តខ្លី ចតុមុខ លើកទី១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «ឈុតថ្មីពន្លឺថ្ងៃថ្មី» នៅសាលមហោស្រពចតុម្មុខ ល្ងាចថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២២។ ឯកឧត្តម ទិត ថាវរិទ្ធ បានលើកឡើងទៀតថា នេះគឺជាជោគជ័យថ្មីមួយទៀត សម្រាប់ការបើកមហោស្រពភាពយន្តខ្លី ដែលមានផលិតករជាច្រើន មានចំណាប់អារម្មណ៍ និងបានយកស្នាដៃភាពយន្តពួកគេមកចូលរួម។ ហើយការចូលរួមនេះ គឺជាលានុវត្តភាពថ្មីមួយ សម្រាប់យុវជនផលិតករភាពយន្តខ្មែរកម្ពុជា ដើម្បីសិក្សារៀនសូត្រគំរូល្អៗអំពីការអភិវឌ្ឍស្នាដៃភាពយន្តរបស់ខ្លួននាថ្ងៃអនាគត។
ក្នុងនាមស្ថាប័នគ្រប់គ្រង និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា ឯកឧត្តម អនុរដ្ឋលេខាធិការ បានបង្ហាញថា ក្រសួងវប្បធម៌ បានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការរៀបចំកសាងផែនការយុទ្ធសាស្រ្តនានា ដើម្បីចូលរួមចំណែកប្រើប្រាស់សក្តានុពលវប្បធម៌ជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
បើតាមលោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រោយពីវិបតិ្តកូវីដ-១៩ ដែលបានរាតត្បាតរយៈពេល២ឆ្នាំមកនេះ បានធ្វើឲ្យផលិតករចាប់ផ្តើមផលិតខ្សែភាពយន្តឡើងវិញ។ ជាក់ស្តែងមហោស្រពភាពយន្តខ្លី ចតុមុខ លើកទី១១ ឆ្នាំ២០២២នេះ បានទទួលភាពយន្តខ្នាតខ្លី ចំនួន១៨៧ចំណងជើង ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង ហើយមហោស្រពសម្រេចជ្រើសរើសយកភាពយន្តខ្លី សរុបចំនួន៥៥ចំណងជើង ដោយយកភាពយន្តខ្មែរ ដាក់បញ្ចាំងសរុបចំនួន៤១ចំណងជើង និងដាក់ប្រកួត៦ចំណងជើង៕ អត្ថបទ រដ្ឋា







