ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចហាមឃាត់បុគ្គលគ្រប់រូបមិនឱ្យចាកចេញពីលំនៅឋាន ឬទីស្នាក់អាស្រ័យបច្ចុប្បន្នរបស់ពួកគេនោះឡើយ ដោយតម្រូវឱ្យមានការអនុវត្តវិធានការបិទខ្ទប់ឱ្យបានម៉ឺងម៉ាត់។
សម្ដេចតេជ ហ៊ុន សែន បានសម្រេចដាក់ចេញវិធាការបែបនេះបន្ថែមទៀត នៅក្នុងសេចក្ដីសម្រេចកែសម្រួលវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដែលចេញនៅយប់នេះ។
ក្នុងសេចក្ដីសម្រេចនោះ ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាឱ្យហាមឃាត់បុគ្គលគ្រប់រូបមិនឱ្យចាកចេញពីលំនៅឋាន ឬទីស្នាក់អាស្រ័យបច្ចុប្បន្ននោះឡើយ។
ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអនុវត្តវិធានការបិទខ្ទប់នេះឱ្យបានម៉ឺងម៉ាត់ ក្នុងរួមបញ្ចូលទាំងការឃាត់ទុកមធ្យោបាយធ្វើដំណើរជាបណ្ដោះអាសន្នផងដែរ។
ក្រៅពីហាមឃាត់មនុស្សមិនឱ្យចាកចេញពីផ្ទះសម្បែងហើយនោះ ប្រមុខរាជរដ្ឋាភិបាលក៏បានសម្រេចបិទរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលត្រូវបានចាត់ទុកថាមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចកាលយប់ថ្ងៃទី១៤ ខែមេសា ឱ្យបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលត្រូវបានចាត់បញ្ចូលជាភូមិសាស្ត្រតែមួយជាមួយរាជធានីភ្នំពេញ នៅក្នុងរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសរហូតដល់ទៅ ៥ ៧៧១នាក់ ក្នុងនោះករណីឆ្លងដល់ទៅ ៥ ២២៨នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕