កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានសំណូមពរដល់អាណាព្យាបាលសិស្សដែលត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ អោយត្រៀមលក្ខណៈជាស្រេច ដើម្បីកុំអោយមានការរាំងស្ទះក្នុងពេលប្រឡង ឬអាក់ខានមិនបានប្រឡងជាដើម។ អាណាព្យាបាលសិស្ស ត្រូវរៀបចំសម្ភារៈចាំបាច់ក្នុងពេលប្រឡង និងការពារកូនៗកុំអោយដើរលេងមុនពេលប្រឡង ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងកើតឡើងជាយថាហេតុ។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ អាណាព្យាបាលបេក្ខជនចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដែលប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ត្រូវយកចិត្តទុកដាក់ និងត្រៀមជាស្រេចនូវប៊ិច រ៉ាប៉ាទ័រ បន្ទាត់ និងសម្ភារៈចាំបាច់ផ្សេងទៀត ជាពិសេសប័ណ្ណសំគាល់ខ្លួនសិស្សតែម្តង។ ចាប់ពីពេលនេះរហូតដល់ថ្ងៃប្រឡង អាព្យាបាលត្រូវមើលថែកូនៗ កុំអោយដើរលេង ឬធ្វើដំណើរច្រើន និងថែរក្សាសុខភាពអោយបានល្អ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ការធ្វើដំណើរទៅមកក្នុងពេលប្រឡង ត្រូវប្រុងប្រយ័ត្នេជាប់ជាប្រចាំ កុំអោយមានគ្រោះថ្នាក់ចរាចរណ៍។ រីឯការស្នាក់នៅវិញ សាលាបានរៀបចំទីអារាមចំនួន៧វត្ត និងសាលាបឋមសិក្សានៅក្នុងក្រុងមួយចំនួនទៀតផងដែរ។ ចំពោះអ្នកចេះពិតប្រាកដ គឺជាប់។
លោកបានបន្តថា៖ ក្នុងខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៥ ខែធ្នូ ឆ្នាំ២០២២ ចំនួន៨មណ្ឌល ដែលមានបេក្ខជន៤៣៦០នាក់ ត្រូវជា១៧៦បន្ទប់។ ក្នុងនោះចែកចេញជាថ្នាក់វិទ្យាសាស្ត្រ ២មណ្ឌល មានបេក្ខជនសរុប១០៦១នាក់ , ចំនួន៤៣បន្ទប់។ មណ្ឌលវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនរលាប្អៀរ ២៣បន្ទប់ និងមណ្ឌលបឋមសិក្សាប៊ុន រ៉ានី ហ៊ុន សែនព្រៃខ្មែរ២០បន្ទប់។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គមមាន៦មណ្ឌល បេក្ខជនសរុប៣២៩៩នាក់ និងបន្ទប់សរុប១៣៣។ មណ្ឌលវិទ្យាល័យព្រះបាទសុរាម្រឹត២៦បន្ទប់ បេក្ខជន៦៥០នាក់, មណ្ឌលវិទ្យាល័យក្រុងកំពង់ឆ្នាំង ២៥បន្ទប់ មានបេក្ខជន៦២៥នាក់, មណ្ឌលសាលាបឋមសិក្សាគំរូក្រុង២០បន្ទប់ បេក្ខជន៥០០នាក់, មណ្ឌលសាលាបឋមសិក្សាខ្សាមហ្សច័ន្ទលាភ ២០បន្ទប់ បេក្ខជន៥០០នាក់, មណ្ឌលបឋមសិក្សាគិរីសុវណ្ណវង្ស២០បន្ទប់ បេក្ខជន៥០០នាក់,មណ្ឌលវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ២២បន្ទប់ បេក្ខជន៥២៤នាក់។ មណ្ឌលនីមួយៗបានរៀបចំដូចជា មានបំពាក់អគ្គិសនី និងអំពូលភ្លើងតាមបន្ទប់នីមួយៗសម្រាប់បំភ្លឺដល់បេក្ខជន ក្នុងពេលប្រឡង, មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ក្នុងបង្គន់អនាម័យ និងបន្ទប់ទឹក សម្រាប់បេក្ខជន និងមានបន្ទប់បម្រុងទុកចំនួន២បន្ទប់ក្នុងមួយមណ្ឌលបន្ថែមទៀត សម្រាប់បំពាក់សម្ភារចាំបាច់ សម្រាប់សង្គ្រោះបឋម និងសម្រាប់បេក្ខជនដែលមានកម្ដៅលើសពី៣៧.៥ អង្សារសេ ។ សាលាមានរបងគត់មត់ មានទ្វារចេញចូល និងធានាសុវត្ថិភាព និងបានរៀបចំអគារបន្ទប់ តុ កៅអី ក្តារខៀនមានគ្រប់គ្រាន់ ៕ ហុង វាស្នា






