សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប និងអង្គការមូលនិធិទំពាំងស្នងឫស្សី និងអង្គការដៃគូឈ្មោះ Ocean Recovery Alliance ចាប់ផ្តើមគាំទ្រសហគមន៍សង្កាត់ចុងឃ្នៀស ឱ្យអនុវត្តន៍កម្មវិធីគ្រប់គ្រងកាកសំណល់ និងប្រមូលយកប្លាស្ទិក នៅតាមផ្ទះបណ្ដែត ដើម្បីបរិស្ថានស្អាត អនាម័យល្អ ក្នុងតំបន់ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប ខេត្ដសៀមរាប។
លោក អ៊ុ សារី ចៅសង្កាត់ចុងឃ្នៀស បានឱ្យដឹងថា ចុងឃ្នៀសជាសហគមន៍មួយ ដែលពលរដ្ឋភាគច្រើនរស់នៅលើផ្ទះបណ្តែតទឹក ដូច្នេះការរស់នៅប្រចាំថ្ងៃចៀសមិនផុតពីការបោះចោលសំរាមចូលទៅក្នុងទឹក ជាពិសេសសំរាមប្លាស្ទិក ដែលបង្កផលផលប៉ះពាល់ដល់ធម្មជាតិ ជីវៈចម្រុះ និងសុខភាពមនុស្ស។
លោកថា ទោះបីយុទ្ធនាការនេះ មិនមិនជាលើកទី១ក៏ពិតមែន តែអាជ្ញាធរសង្កាត់ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ប្តេជ្ញាថា នឹងចូលរួមកាន់តែសកម្មបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ធ្វើយ៉ាងណាឱ្យសហគមន៍ចុងឃ្នៀស ក្លាយជាសហគមន៍មួយគ្មានការបំពុលដោយសំរាមប្លាស្ទិក។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ខេត្តសៀមរាបក្រៅពីការចូលមកទស្សនាកម្សាន្តប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើនហើយនោះ ភ្ញៀវទេសចរ តែងចូលមកទស្សនាបឹងទន្លេសាបដែលទីតាំងដ៏ទាក់ទាញមួយ។ ដូច្នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត មិនចេះដាច់នោះ ប្រជាសហគមន៍ត្រូវរួមគ្នា ថែរក្សាអនាម័យបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំរាមប្លាស្ទិក ដើម្បីរក្សាសហគមន៍មួយនេះឱ្យស្រស់ស្អាត គ្មានការបំពុលដោយប្លាស្ទិក នោះជីវភាពប្រជាសហគមន៍នឹងកាន់តែល្អប្រសើរ ដោយសារទទួលបានចំណូលពីវិស័យទេសចរ។
គួរបញ្ជាក់ថា យុទ្ធនាការនេះមានរយៈពេល៣ឆ្នាំ ធ្វើឡើងនៅតាមផ្ទះបណ្ដែតទឹកជិត ៧០០គ្រួសារ ដោយប្រើទូក និងឧបករណ៍ដួសសំរាម ដោយបែងចែកជាពីរក្រុម ដោយមួយក្រុម សម្រាប់ស្រង់សំរាមចេញពីទឹក និងមួយក្រុមទៀតជាយុវជនស្ម័គ្រចិត្តចុះអប់រំតាមខ្នងផ្ទះឱ្យពលរដ្ឋដូរទម្លាប់ឈប់បោះចោលសំរាមទៅក្នុងទឹក ៕អត្ថបទ៖ ឈិត សាវី