ភ្នំពេញ៖ រយៈពេលជាង១ខែ ពោលចាប់ពីថ្ងៃទី ២០ខែតុលា រហូតដល់ថ្ងៃទី ២៦ខែវិច្ឆិកាម្សិលមិញ ពលរដ្ឋជាង ៤៨ម៉ឺននាក់ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីរួចរាល់ ខណៈដំណើរចុះឈ្មោះគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៨ខែធ្នូ ឆ្នាំ២០២២។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានបង្ហាញពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដោយគិតចាប់ពីថ្ងៃទី២០ខែតុលា រហូតថ្ងៃទី២៦ខែវិច្ឆិកាម្សិលមិញ អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ៤៨ម៉ឺននាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានជាង ២សែននាក់,អ្នកដែលបានកែតម្រូវទិន្នន័យមានជាង ៤ម៉ឺននាក់ និងអ្នកដែលផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង ១សែននាក់។
បន្ថែមពីលើសសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រសាសន៍ប្រាប់BTVនៅថ្ងៃទី២៧ខែវិច្ឆិកានេះថា ការប្រព្រឹត្តិទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ស្ថិតក្នុងបរិយាកាស សុវត្ថិភាព និងសន្តិសុខល្អ ប៉ុន្តែក៏មានផលរំខានតិចតួចដែរ ដូចជាមានភ្លៀងធ្លាក់ និងសេវា Internetជាដើម។យ៉ាងណាក្តីបញ្ហាទាំងអស់នេះ ត្រូវបានឝ.ជ.ប ដោះស្រាយបានភ្លាមៗ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅ ជារៀរាល់ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ ឬ នៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខ័ណ្ឌដូចជា៖ ត្រូវបង្ហាញខ្លួន និងមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព, ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ត្រូវមានអាយុពី១៨ឆ្នាំឡើង គិតត្រឹម ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ពោលគឺត្រូវកើតមុន ឫត្រឹមថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០០៥ និង មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕ អត្ថបទ៖ទូច សោភ័ណ

